ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តបន្ទាយមានជ័យស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់ចំនួន ៥៤៦៩ហិកតាបានទទួលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងផ្ទៃដីស្រូវចំនួនជាង ៨០០០ហិកតាបានជួបគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជា៖អត្ថបទដោយលោកហោ សេងគ្រី

បន្ទាយមានជ័យ៖ក្នុងពេលខេត្តបន្ទាយមានជ័យកំពុងរងផលប៉ះពាលដោយគ្រោះរាំងស្ងួតទៅលើស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់ចំនួន ៥៤៦៩ហិកតានិងផ្ទៃដីស្រូវចំនួនជាង ៨០០០ហត បានជួបគ្រោះទឹកជំនន់នោះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានអញ្ជើញទៅពិនិត្យ ដំណាំស្រូវដែលទទួលរងនូវផលប៉ះ ពាល់ដោយគ្រោះរាំងស្ងួតទាំនេះនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ។

តាម របាយការណ៍ឲ្យដឹងថាស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់ចំនួន ៥៤៦៩ហតបានទទួលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងផ្ទៃដីស្រូវចំនួនជាង ៨០០០ហិកតា បានជួបគ្រោះទឹកជំនន់។
បច្ចុប្បន្នមានភ្លៀងធ្លាក់ដោយកន្លែងអាចជួយសង្គ្រោះស្រូវបានមួយចំនួនធំ។ ដោយឡែកទឹកជំនន់ក៏បានស្រកចុះទៅរក ស្ថានភាពប្រក្រតីវិញហើយ។

នៅចំពោះមុខប្រជាពលរដ្ឋជាង១៥០ នាក់ដែលជាម្ចាស់ស្រែ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថាចំពោះបញ្ហានេះ ជាជំហានដំបូងសុំឲ្យមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្វែងរកប្រភពទឹក និងប្រឹងប្រែងឲ្យអស់លទ្ធភាពធ្វើការបូមបាចជួយសង្គ្រោះសន្ទូងតាមលទ្ធភាព។ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះស្រង់ស្ថិតិ និងវាយតម្លៃ ពីផលប៉ះពាល់ រួចត្រៀមស្រូវពូជ ពូជដំណាំទុកចែកជូនពលរដ្ឋដែលទទួលរងផលប៉ះពាល់ដើម្បីស្តារផលិតកម្មកសិកម្មឡើងវិញ។ អគ្គនាយកដ្ឋានគួរចុះសិក្សាពីស្ថានភាពភូមិសាស្រ្តឲ្យបានច្បាស់លាស់ ប្រយោជន៍ពិនិត្យលទ្ធភាព ប្តូរផលិតកម្មស្រូវ ទៅជាផលិតកម្មដំណាំកសិឧស្សាហកម្ម ឬដំណាំរួមផ្សំផ្សេងៗទៀតដែលប្រើប្រាស់ទឹកតិច និងមានអាយុកាលផលិតកម្មខ្លី។ ក្រៅពីដំណាំស្រូវ លោកបានណែនាំឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជាប្រភពចំណូលក្នុងគ្រួសារផងដែរ៕