ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាឈ្នះមេដាមាសទី២លើវិញ្ញាម៉ូតូទឹកពីកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨- ព្រះរាជាណាចក្រកម្ពុជាបាន ឈ្នះមេដាយមាស១គ្រឿង ទៀតហើយ ដែលជាមេដាយមាស ទី២ពីព្រឹត្តិការណ៍អន្តរជាតិកម្រិតទ្វីបអាស៊ី Asian Games លើកទី១៨ ឆ្នាំ ២០១៨ នៅប្រទេស​ឥណ្ឌូណេស៊ី ដែល បានបញ្ចប់នៅវគ្គផ្តាច់ព្រ័ត្រ មុននេះបន្តិច បន្ទាប់ពីកីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ប្រជែងយក​ឈ្នះល្អផ្តាច់ គេលើគូ ប្រកួតជាច្រើននាក់ ក្នុងវិញ្ញាសា Ski Modified លើឆ្នេរ Ancol Beach។

ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មកីឡាអាស៊ីរបស់កម្ពុជាបានបញ្ជាក់ថា ឆ្លងកាត់ការប្រកួតរយៈពេល ពីរថ្ងៃ នៃវគ្គ​សន្សំពិន្ទ៤ជុំ ក្នុងចំណោមកីឡាករចូលរួម៩នាក់ គឺកីឡាករកម្ពុជា សាលី អ៊ូមើត ធ្វើបានល្អ បំផុត ដោយឈ្នះពិន្ទុដាច់ ហើយដណ្តើមបានចំណាត់ថ្នាក់លេខ១ មេដាយមាសតែម្តង។ កីឡាករម៉ូតូទឹកម្ពុជា សាលី អ៊ូមើត ដដែលនេះក៏បានយក​ឈ្នះមេដាយសំរឹទ្ធិ១គ្រឿងទៀតផងដែរ នៅលើវិញ្ញាសា Runabout 1100 Stock។ ដូច្នេះពេលនេះ កម្ពុជាឈ្នះមេដាយមាស​២វិញ្ញាសា និងសំរឹទ្ធិ១វិញ្ញាសា ហើយជាមួយមេដាយមាស ចំនួន២នេះបានធ្វើឱ្យកកម្ពុជាហក់មកឡើង​ឈរនៅចំណាត់ថ្នាក់​លេខ១៦បណ្តោះអាសន្ន ក្នុងចំណោម៤៥ប្រ ទេសនៃទ្វីបអាស៊ី។ នេះបើយោងតាមគេហទំព័រផ្លូវការ Asian Games 2018 គិតត្រឹមល្ងាចថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៨នេះ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ ក្នុងប្រវត្តិ៦៤ឆ្នាំនៃកីឡា អាស៊ីរបស់កម្ពុជា ដែលឯកឧត្តមបានសម្តែងនូវក្តីរំភើបយ៉ាងខ្លាំងដែលកីឡាករយើងបានខិតខំប្រឹងប្រែងរហូត ដល់ឈ្នះមេដាយមាស​ជាប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រភេទកីឡាម៉ូតូទឹកកម្ពុជាទើបតែត្រូវបានបង្កើតឡើងមិន ទាន់បាន១ឆ្នាំផង ប៉ុន្តែយើង​ដណ្តើមបានកិត្តិយសដ៏ធំធេង ដែលជ័យជម្នះនេះគឺការខិតខំរួមគ្នារបស់ប្រជា ពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជា​រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលមុនចេញមកប្រកួតនេះ គឺសម្តេចបានអនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជាបានចូលរួមសម្តែងការគួរ សម និងផ្តល់ការលើកទឹកចិត្តដែលធ្វើឲ្យកីឡាករ​កីឡាការិនីទាំងអស់ខិតខំរហូតដល់ទទួលបានជោគជ័យដ៏ ធំធេង ដែលការឈ្នះមេដាយមាស២នេះគឺយើងបានបំបែក ឯកត្តកម្មក្នុងរយៈពេល៦៤ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៤ ក្នុងប្រវត្តិកីឡាអាស៊ីនេះ៕

 

ដោយ ហេង ណាលីន