ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឥណ្ឌូណេស៊ីស្វែងរកកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីចុះអនុស្សរណៈរវាងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Borobudur

AKP សៀមរាប ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោក Ricky SP Siahaan ប្រធានផ្នែកទីផ្សារនិងសេវាកម្មនៃ PT Taman Wisata Candi ដែលគ្រប់គ្រងរមណីយដ្ឋាន Borobudur ប្រទេសឥណ្ឌូណេស៊ី ចូលជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងតំបន់បេតិកភណ្ឌពិភពលោករបស់ប្រទេសទាំងពីរ គឺរមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Borobudur។ ជំនួបនេះ បានធ្វើឡើង នៅស្នាក់ការអាជ្ញាធរជាតិអប្សរានាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

លោក Ricky SP Siahaan បានលើកឡើងថា លោកពិតជាមានក្តីរំភើបដែលបានមក កាន់ខេត្ដសៀមរាប ស្របពេលពេលថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់ ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុត ធ្វើឡើងតាមរយៈការស្រង់មតិលើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចររាប់លាននាក់ជុំវិញពិភពលោក ជាចំណុចដែលប្រទេសឥណ្ឌូ ណេស៊ីចាប់អារម្មណ៍។ ទន្ទឹមនេះ ឥណ្ឌូណេស៊ី មានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការរវាង​រមណីយដ្ឋានអង្គររបស់កម្ពុជា និងរមណីយដ្ឋាន Borobudur របស់ឥណ្ឌូណេស៊ី ដើម្បីផ្លាស់ ប្តូរបទពិសោធន៍ ចំណេះដឹងល្អៗ ដូចជាការអភិរក្សការគ្រប់គ្រង ការអភិវឌ្ឈសេវាកម្ម ផ្សេងៗ។

លោកបានបន្ថែមថា តាមរយៈកម្មវិធី Twin World Heritage Program ខាងភាគី ឥណ្ឌូណេស៊ីមានបំណងបង្កើតកិច្ចព្រមព្រៀងរវាងស្ថាប័នទាំងពីរដើម្បីជំរុញការផ្សព្វផ្សាយអំពីគ្នាទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនថែមទៀត។

ឯកឧត្តម ហង់ ពៅ បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅចំពោះគណៈ ប្រតិភូឥណ្ឌូណេស៊ី ហើយលើកឡើងថា នេះមិនមែនជាលើកទីមួយទេដែលអាជ្ញាធរជាតិ អប្សរាចែករំលែកបទពិសោធន៍ល្អៗ លើការអភិរក្ស ការជួសជុល ការគ្រប់គ្រងរមណីយដ្ឋាន អង្គរដល់បណ្តាប្រទេសផ្សេងៗដែលមានបំណងឈ្វេងយល់អំពីបទពិសោធន៍ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឈន៍ដោយចីរភាពនៃរមណីយដ្ឋានអង្គរ។

ឯកឧត្តមសង្កត់ធ្ងន់ថា អាជ្ញាធរ ជាតិអប្សរាពេញចិត្ត និងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការដែលបម្រើដល់ប្រយោជន៍ បេតិកភណ្ឌទាំងមូល។ ម្យ៉ាងទៀតទស្សនៈវិស័យក្នុងការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌ ពិភពលោករវាងប្រទេសទាំងពីរ គឺមានទស្សនវិស័យប្រហាក់ប្រហែលគ្នា ងាយសហការគ្នា រីកចម្រើនទៅមុខ និងមានចំណុចពិសេសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និង ឥណ្ឌូណេស៊ីក្នុងការអភិរក្សប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍។

ឯកឧត្តមបានបន្ដទៀតថា ជោគជ័យរមណីយដ្ឋានអង្គរមកដល់ពេលនេះ គឺដោយមាន ការខិតខំ និងសហការណ៍ពីស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗដែលធ្វើការពាក់ព័ន្ធនឹង វិស័យបេតិកភណ្ឌ៕

 ដោយ ឃុត សៅ