ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្តសៀមរាបប្រកាសថា នឹងផ្តល់ម៉ូតូថ្មីម្នាក់០១គ្រឿងជូនដល់សិស្សដែលប្រឡងបាក់ឌុបជាប់បាននិទ្ទេសA សម្រាប់ឆ្នំា២០១៨នេះ

AKP សៀមរាប ថ្ងៃទី២៤ ខែសីហាឆ្នំាំ២០១៨ — ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានប្រកាសថា ដើម្បី​លើទឹកចិត្តដល់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ ឯកឧត្តមនឹងផ្តល់ម៉ូតូថ្មីម្នាក់១គ្រឿងជូនដល់បេក្ខជនដែលប្រឡងជាប់និទ្ទេសA។ ការលើកឡើងនេះ នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី និងចែកលិខិតសសើរដល់សិស្សឆ្នើមប្រចាំឆ្នាំសិក្សា២០១៧-២០១៨របស់សាលាវេសហ្គេតអន្តរជាតិ កាលពីព្រឹកថ្ងៃទី២៤ខែសីហាឆ្នំាំ២០១៨នេះ។
ឯកឧត្តម ឃឹម ប៊ុនសុង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការ​កសាង និងអភិវឌ្ឍន៍ធនធានមនុស្សលើគ្រប់ផ្នែកប្រកប​ដោយ​គុណ​ភា​ព និងមានគុណធម៌ល្អ ដែលឆ្លើយ​តបទៅ​នឹងការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជា​ឱ្យ​ក្លាយជាសង្គមរីកចម្រើ​នជឿនលឿន ដែលផ្អែកលើ​មូលដ្ឋាន​ចំណេះ​​​ដឹង​​ លើគ្រប់វិស័យ ​រួម​ទាំង​វិទ្យាសាស្រ្តបច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយ​នឹង​ការ​រីកចម្រើន នៃបណ្តាប្រទេស​នៅក្នុង​តំបន់ និងពិភពលោក។ ឯកឧត្តមអភិបាលខេត្ដបានបន្តថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថ​​​ភាព និង​​គុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើន​សេដ្ឋ​កិ​​ច្ច និងភាព​ប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេល​ចំពោះមុខ ទាំង​សម្រាប់​​អនាគត។ ពិសេសក្នុងពេលដែលកម្ពុជា​ឆ្លងផុតពី ជា​ប្រទេ​ស​​​​ដែលមាន​ចំណូ​លមធ្យមកម្រិតទាប​ ហើយបន្តឡើង​ទៅ​ជា​​ប្រទេស​មា​ន​ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេ​ស​​​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋា​ភិ​បាល​កម្ពុជា។

ឯកឧត្ដមបានបន្ដទៀតថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេស​យុវ​ជ​ន​ គឺ​សំដៅទៅលើការ​​កសាងសមត្ថភាពខាងចំណេះដឹង ចំណេះ​ធ្វើ ព្រម​ទាំ​ង​​ស​មត្ថភាព​​ក្នុង​ការ​ស្រាវជ្រាវ និងការអភិវឌ្ឍ ទន្ទឹមនឹង​ការលើក​ស្ទួ​យ​​គុណ​ភាព​ខាង​សុខភាព កាយសម្បទា សីលធម៌ ស្មារតី​ទទួលខុសត្រូវ មនសិកា​ស្នេហា​ជាតិ និងវិជ្ជាជីវៈ។ ទន្ទឹមនេះ ដោយគ្មាន​ការរើស​អើង​ខាង​​​យេន​ឌ័រ រួមជា​មួយ​នឹងប្រព័ន្ធសុវត្ថិភាពសង្គមគត់មត់ ព្រមទាំង​ផ្តល់​​ឱកាស​ស្មើៗគ្នា​ដល់កុមារ និងយុវជន ក្នុងការទទួល​ការ​អប់រំ​ទាំងអ​ស់​។

ឯកឧត្តបានបន្ថែមទៀតថា តាមរយៈការកែទម្រង់ប្រព័ន្ធអប់រំ ដោយផ្តោតលើគុណភាពសិក្សារបស់សិស្សានុសិស្សនោះពីមួយឆ្នាំទៅមួយឆ្នាំអត្រាចំនួនអ្នកប្រឡងយកសញ្ញាបត្រទុតិយភូមិ គឺទទួលបាននិទេ្ទសA កើនឡើងជាលំដាប់។ ដូច្នេះសម្រាប់ឆ្នាំ២០១៨នេះ ឯកឧត្តមរំពឹងថា ចំនួនអ្នកប្រឡងសញ្ញាប័ត្រទុតិយភូមិ ឬបាក់ឌុបនេះនឹងមានចំនួនកើនឡើង ក្នុងនោះចំនួនអ្នកជាប់និទ្ទេសAក៏នឹងកើនឡើងដែរ។

ឯកឧត្តមឃឹម ប៊ុនសុង បានប្រកាសថា ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ និងក្នុងនាមឯកឧត្តមផ្ទាល់ដែលជាអ្នកទទួលបន្ទុករង្វាន់លើកទឹកចិត្តដល់បេក្ខជនប្រឡងជាប់និទ្ទេសA នៅក្នុងខេត្ដសៀមរាបនោះ ឯកឧត្តមនឹងផ្តល់ជូននូវម៉ូតូថ្មីម្នាក់មួយគ្រឿង ដូចបណ្តាឆ្នាំមុនដែរ។

សូមបញ្ជាក់ថា កាលពីឆ្នំា២០១៧កន្លងទៅនេះលទ្ធផលប្រឡងទុតិយភូមិសម្រាប់ខេត្តសៀម រាបមានបេក្ខជនបានមកប្រឡងចំនួន៧.០២៦នាក់ ជាលទ្ធផលមានបេក្ខជនប្រឡងជាប់មានចំនួន៥.១២២នាក់ ស្រី២.៨៨០នាក់ស្មើនឹង៧២.៩២ភាគរយ ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសA មានចំនួន៤៧នាក់ និងទទួលបានម៉ូតូម្នាក់១គ្រឿងពីសម្តេចពិជ័យសេនា ទៀ បាញ់។ សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ មានបេក្ខជនប្រឡងសរុប៧.៨៣០នាក់កើនឡើងលើសឆ្នាំមុនចំនួន៧១៧នាក់ ហើយរំពឹងថា បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងជាប់ទទួលបានលទ្ធផលនិទ្ទេសA ច្រើនជាងឆ្នំាមុនទៀត៕

ដោយ ឃុត សៅ