ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

តំបន់មួយចំនួនក្នុងខេត្តព្រៃវែង ទទួលរងនូវគ្រោះទឹកជំនន់ទន្លេមេគង្គ និងតំបន់មួយចំនួនទៀតរងគ្រោះដោយការរាំងស្ងួត

AKP ព្រៃវែង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — បច្ចុប្បន្ននេះខេត្តព្រៃវែង បានទទួលរងគ្រោះទឹកជំនន់ទន្លេមេគង្គ ដោយបាន បង្កឱ្យមានការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងផលដំណាំ របស់ប្រពលរដ្ឋរួមទាំង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលតម្រូវឱ្យមានការឆ្លើយតប ជាបន្ទាន់ទៅនឹងគ្រោះ មហន្តរាយនេះ រួមទាំងការស្តារឡើងវិញនៅក្រោយពេល គ្រោះទឹកជំនន់ នេះផងដែរ។
លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ គ្រោះមហន្តរាយ ៧ខែ ដើមឆ្នាំ២០១៨ នៅសាលាខេត្តព្រៃវែង ក្រោមការអញ្ជើញ ចូលរួមពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការ គណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៤ ខែសីហានេះថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ទឹកមានកម្ពស់ អតិបរមា ៦,៨៤ ម៉ែត្រ ខណៈដែល កម្រិត ប្រកាស អាសន្នមានកម្ពស់ ៧,៥០ ម៉ែត្រ បើធៀបនឹង ឆ្នាំ២០១៧ គឺខ្ពស់ជាង ១,២៤ម៉ែត្រ។ ចំណែកស្ថានភាពទឹកភ្លៀងវិញ គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្ត ទទួលរងទឹកភ្លៀងគ្របដណ្តប់គ្រប់ទីកន្លែង ប៉ុន្តែមានឃុំមួយចំនួនជួប គ្រោះរាំងស្ងួត ផងដែរ។

លោកបន្តថា ស្ថានភាពកម្ពស់ទឹកខាងលើនេះបណ្តាលឱ្យមានផល ប៉ះពាល់ក្រុង ស្រុក ចំនួន ១១ លើ ១៣ ឃុំ សង្កាត់ ដោយមានចំនួនគ្រួសាររងគ្រោះ ២ម៉ឺន ៩ពាន់ ២២៥គ្រួសារ ជម្លៀសទៅកាន់ទីសុវត្ថិភាពចំនួន ៣៧០គ្រួសារ និងមានមនុស្សស្លាប់ ដោយសារលង់ទឹកចំនួន ៦នាក់ រួមនិងការលិចលង់ផ្ទះសម្បែង ផលដំណាំស្រូវ ដំណាំរួមផ្សំ មណ្ឌលសុខភាព ផ្លូវលំ អណ្តូងទឹក ទំនប់ ប្រឡាយ។ល។ ដែលត្រូវស្តារឡើងវិញនៅក្រោយគ្រោះទឹកជំនន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា មិនថាតែកម្ពុជាទេ គឺនៅបណ្តាប្រទេសជាច្រើនទៀត គឺបាន និងកំពុងទទួលរងនូវគ្រោះធម្មជាតិ មានគ្រោះទឹកជំនន់ ខ្យល់ ព្យុះជាដើម ដែលបានបង្កនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ តួយ៉ាងដូចជានៅប្រទេសឥណ្ឌាកំពុងមានគ្រោះទឹកជំនន់ នៅរដ្ឋហា វ៉ៃសហរដ្ឋអាមេរិកបានជួបនូវគ្រោះកាចនៃខ្យល់ព្យុះ។ល។ ឯកឧត្តមថា ពិភពផែនដីកំពុងតែមានការប្រែប្រួលនៃអាកាសធាតុដ៏គួរ ព្រួយបារម្ភ ដែលវាបង្កនូវគ្រោះថ្នាក់កាន់តែខ្លាំងទៅៗដែលពិបាកនឹងទប់ទល់។

ឯកឧត្តមរដ្ឋមន្ត្រី ញឹម វណ្ណដា ក៏បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តព្រៃវែង ឱ្យបន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះ មហន្តរាយពីធម្មជាតិ និងត្រូវមានវិធានការណ៍ក្នុងការឆ្លើយតបជាបន្ទាន់ ទៅនឹងគ្រោះ មហន្តរាយនេះ៕

ដោយ ប៉ាល់ សុង