ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពិធីបិទវគ្គ នៃកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារនៅអង្គរ

AKP សៀមរាប ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — បន្ទាប់ពីបើកវគ្គសិក្សាអស់រយៈពេល៤ខែកន្លងមក កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់ កុមារនៅអង្គរ ដែលបានប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាស្រះស្រង់នោះ បានបញ្ចប់វគ្គ ទី១ដោយជោគជ័យ ដែលពិធីបិទវគ្គនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អង្គការគាំពារកេរមរតក មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរវប្បធម៌ខេត្តសៀមរាប មជ្ឈមណ្ឌលយុវជនជាតិកម្ពុជាខេត្ត សប្បុរសជនគាំទ្រ គម្រោង មាតាបិតាសិស្ស រួមនឹងអាជ្ញាធរមូលដ្ឋានប្រមាណជាង ២០០នាក់។

លោកស្រី Joyce Hanan Clark ប្រធានអង្គការគាំពារកេរមរតកប្រចាំសហរដ្ឋអាមេរិក បានឱ្យដឹងថា យើងមិនអាចធ្វើការមួយថ្ងៃដើម្បីឱ្យអនាគតល្អប្រសើរទេ គឺយើងមានដំណើរ ការវែងឆ្ងាយបន្តទៀតជាមួយកិច្ចការអប់រំបេតិកភណ្ឌ។ កម្មវិធីអប់រំនេះមិនបានផ្តោតតែ លើប្រាសាទទេ គឺរាប់បញ្ចូលទាំងបរិស្ថាន បេតិកភណ្ឌក្រោមដី ក្នុងទឹក រូបី និងអរូបីផង ដើម្បីឱ្យក្មេងៗដឹងថា មានអ្វីខ្លះជាបេតិកភណ្ឌក្នុងតំបន់ខ្លួន វាមានប្រយោជន៍ដូចម្តេច ហើយត្រូវការពារយ៉ាងណា ដូច្នេះហើយទាមទារឱ្យយើងត្រូវបណ្តុះបណ្តាលដល់ ក្មេងៗជំនាន់ក្រោយ ឱ្យចេះធ្វើការងារនេះជាប្រចាំនិងយូរអង្វែងក្នុងការថែរក្សា ព្រោះមិនមែន ដើម្បីតែមួយគ្រួសារទេ គឺបេតិកភណ្ឌដើម្បីជាតិទាំងមូល។

លោកស្រី Joyce Hanan Clark បានមានប្រសាសន៍ទៀតថា វាជាការសំខាន់ណាស់ ដែលយើងបានកើត រស់នៅ រកស៊ីជាមួយបេតិកភណ្ឌ ត្រូវតែសិក្សាឈ្វេងយល់ ការពារនិងថែរក្សាបេតិកភណ្ឌ។ បើទោះបីជាម៉ោងសិក្សាមានរយៈពេលខ្លី តែសិស្សានុសិស្សពិតជាបានដឹងច្រើនអំពីប្រវត្តិសាស្ត្រ ការស្រាវជ្រាវ ទំនៀមទម្លាប់ តួនាទីប្រាសាទ បរិស្ថាន ក្រមសីលធម៌ពេលចូលប្រាសាទ និងប្រវត្តិសិល្បៈ ដែលនេះជាការកែប្រែទម្លាប់ដ៏ប្រសើរ ដែលអ្នកជំនាន់មុន ត្រូវបន្តវេនដល់អ្នកជំនាន់ក្រោយ។

លោក អ៊ឹម សុខរឹទ្ធី ប្រធានគម្រោង បានរម្លឹកថា គម្រោងនេះបង្កើតឡើង តាំងពីឆ្នាំ២០០៧ ដោយមានកិច្ចសហការជាមួយប្រទេសថៃ ហើយទទួលជោគជ័យបំផុត នៅវិទ្យាល័យបន្ទាយឆ្មារ តែនេះជាវគ្គសិក្សាទី១នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ កម្មវិធីនេះ បានបង្កើតឡើងនៅសាលាគោលដៅចំនួន២ គឺសាលាបឋមសិក្សាស្រះស្រង់និងវិទ្យាល័យ នគរធំ ក្នុងគោលបំណងបណ្តុះគំនិតឱ្យសិស្សានុសិស្សចេះស្រឡាញ់ ស្វែងយល់ពី បេតិកភណ្ឌក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យកាន់តែច្បាស់ ចេះស្រាវជ្រាវ ចេះចងក្រង ឯកសាររក្សាទុកសម្រាប់ក្មេងជំនាន់ក្រោយ។

លោកបន្តថា កម្មវិធីនេះ អប់រំផ្ទាល់លើសិស្សអំពីអ្វីដែលអ្នកស្រាវជ្រាវបានឃើញ ដើម្បីឱ្យសិស្សតាមទាន់សភាពការណ៍នៃការស្រាវជ្រាវ ផ្តល់ព័ត៌មានថ្មី និងបច្ចុប្បន្នភាព ដល់សិស្សានុសិស្ស និងបន្តវិធីសាស្រ្តនៃការស្រាវជ្រាវ បែបវិទ្យាសាស្រ្តជាមូលដ្ឋានបណ្តុះ បណ្តាលដល់សិស្សបន្តិចម្តងៗ ហើយសិស្សអាចសិក្សាឈ្វេងយល់ដោយខ្លួនឯង ដើម្បីបន្ថយគម្លាតនៃការយល់ដឹងពីសហគមន៍ ព្រោះខ្លួនកំពុងរស់នៅក្នុងតំបន់បេតិកភណ្ឌ។

លោក អ៊ឹម សុខរឹទ្ធី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារដែល បានចូលរួមសហការទាំងអស់ ពិសេសអ្នកឧបត្ថម្ភកម្មវិធី ដែលបានជ្រោម ជ្រែងឱ្យការអប់រំដ៏ មានតម្លៃនេះដំណើរការយ៉ាងរលូន ជាប្រយោជន៍សម្រាប់មនុស្សជាតិ ទាំងមូល។ យើងនឹងពង្រីកវិសាលភាពទៅសាលាផ្សេងទៀតនៅតំបន់អង្គរ ដែលនៅពេលអនាគត កុមារនិងយុវជនស្ម័គ្រចិត្តនឹងបានផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមក ចងក្រងឯកសារប្រចាំតំបន់របស់ខ្លួនដោយខ្លួនឯង ហើយរក្សាទុកនៅទីតាំងផ្ទាល់សម្រាប់សហគមន៍។ លើសពីនេះទៀត យើងក៏នឹងបង្កើតឱ្យ មានការចុះកម្មសិក្សាទៅក្រៅតំបន់ដូចជាសំបូរព្រៃគុក និងបន្ទាយឆ្មារជាដើម ដើម្បីឈ្វេងយល់បន្ថែមពីបេតិកភណ្ឌក្រៅស្រុក៕

ដោយ ហង្ស សៀក