ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ្រូណាហ្គាវើល រំពឹងខ្ពស់ក្នុងការលើកពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៨

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — លោក មាស ចាន់ណា គ្រូបង្គោលក្រុមបាល់ទាត់ណាហ្គា វើល ថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨នេះថា ក្រុម ណាហ្គាវើលមានសង្ឃឹមខ្ពស់ ក្នុងការឈានទៅម្ចាស់ជើងឯក ពានរង្វាន់បាល់ទាត់លីគកំពូល កម្ពុជា រដូវកាល ២០១៨នេះ ពីព្រោះថាកីឡា ករទាំងអស់របស់ខ្លួនកំពុងខិតខំយ៉ាងខ្លាំង ធ្វើយ៉ាងណាត្រូវការឈ្នះ៤ប្រកួតចុងក្រោយ ដើម្បីឈានទៅជោគ ជ័យ។
លោកបានអះអាងទៀតថា ពេលនេះសមាជិកក្រុមទាំងអស់ ពុះកញ្ជ្រោលឆន្ទៈចង់ឈ្នះលើ គូប្រជែង សូលទីឡូអង្គរ នាជំនួបសប្តាហ៍ទី១៩ នាល្ងាចថ្ងៃសៅរ៍ស្អែកនេះ នៅកីឡដ្ឋានខេត្ត សៀមរាប ដើម្បីរក្សាខ្លួនឈរនៅលើកំពូលតារាងដដែល ជាមួយនឹងប្តេជ្ញាចិត្តរួមគ្នាថា នឹងត្រូវ ខិតខំឱ្យអស់ពីលទ្ធភាពនៅ៣ប្រកួតចុងក្រោយទៀត ដើម្បីសម្រួចគោលដៅឈានទៅគ្រប់ គ្រងម្ចាស់ដំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ។

៤ប្រកួតចុងក្រោយនឹងនេះ ណាហ្គាវើលត្រូវជួបជាមួយ សូលទីឡូអង្គរ, ក្រសួងការពារជាតិ, វិសាខា និងអគ្គស្នងការ ដ្ឋាននគរបាលជាតិ។ សម្រាប់ការប្រកួតនាសប្តាហ៍ទី១៩ ចុងសប្តាហ៍ នេះដែរ ក៏មាន៥ប្រកួត ទៀតដែរ រួមមាន៖ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិប៉ះជាមួយ ក្រុមភ្នំពេញក្រោន ខណៈក្រុមក្រសួងការពារជាតិ ប្រកួតជាមួយនឹងក្រុមឡើងជើងវិសាខា ចំណែកឯ៣ប្រកួតនៅថ្ងៃអាទិត្យវិញ គឺជាការជួបគ្នារវាងក្រុមបាត តារាង វេស្ទើនភ្នំពេញប៉ះ ជាមួយអគ្គិសនីកម្ពុជា ស្របពេលដែលក្រុមអង្គរថាយហ្គឺនឹងត្រូវប្រជែងជាមួយអាស៊ី អឺរ៉ុបយូ ណាយធីត ហើយព្រះខ័ន រាជស្វាយរៀងនឹងត្រូវប្រជែងជាមួយក្រុមខ្លាំង បឹងកេត។

សម្រាប់៤ក្រុមលើកំពូលតារាងបណ្តោះអាសន្ន ដែលកំពុងប្រកៀកប្រកិតពិន្ទុគ្នានោះ រួមមាន៖ ក្រុមណ ហ្គាលវើល ឈរនៅចំណាត់ថ្នាក់លេខ១ ដោយ១៨ប្រកួតកន្លងមក ឈ្នះ១៤ប្រកួត ស្មើ២ប្រកួត និងចាញ់២ ប្រកួត មាន៤៤ពិន្ទុ ស្របពេលដែល១៨ប្រកួតរបស់បឹង កេតឈ្នះ ១៣ប្រកួត ស្មើ៣ប្រកួត និងចាញ់២ប្រកួត មាន៤២ពិន្ទុ ឈរនៅ លេខ២។ ក្រុម វិសាខា ឈរ នៅលេខ៣ មាន៤១ពិន្ទុ​ ស្របពេលដែលក្រសួងការពារ ជាតិឈរនៅលេខ៤ មាន ៣៨ពិន្ទុ។ សម្រាប់បាតតារាង គឺក្រុមវេស្ទើនភ្នំពេញត្រូវប្រឈមមុខនឹងត្រូវកាត់ចោល ទម្លាក់ទៅក្រប ខ័ណ្ឌលីគ លំដាប់ទី២ ដោយ១៨ប្រកួតរបស់ខ្លួនមិនដែលឈ្នះសោះ ស្មើ១ប្រកួត និងចាញ់ រហូត ដល់ ១៧ប្រកួត មានតែ១ ពិន្ទុប៉ុណ្ណោះ ពោលគឺនៅក្រោមអគ្គិសនីកម្ពជា ដែលឈរនៅ លេខ១១ ចំនួន៥ពិន្ទុ។

គួរបញ្ជាក់ថា ក្រុមទាំង១២ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ នៅ សល់តែ៤ប្រកួតដូចៗគ្នា ដែលការប្រកួតនឹងត្រូវបញ្ចប់សម្រាប់ការប្រកួត២២សប្តាហ៍ ហើយ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ គឺជាអ្នកគ្រប់គ្រងម្ចាស់ដំណែងជើងឯកតែម្តង៕

ដោយ ហេង ណាលីន