ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចប្រជុំ គីម-ត្រាំ លើកទី២ អាចនឹងជំរុញកិច្ចចរចានុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — អតីតមន្រ្ដីស៊ើបការណ៍អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធថា កិច្ចប្រជុំលើក​ទី២ ​មួយរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចនិងជួយ ជំរុញក្នុងកិច្ចចរចានានាដើម្បីរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េ​ខាង​ជើង។
លោក​​​ ត្រាំ បានសន្យាពីលិទ្ធភាពនៃកិច្ចប្រជុំកំពូលលើកទី២មួយបន្ទាប់ពីកិច្ចប្រជុំ​កាល​ពី​ខែមិថុនា​ដ៏សំខាន់របស់លោកជាមួយលោក គីម​ នៅក្នុងប្រទេសសិង្ហបុរីនោះ ដោយនិយាយ​នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែត Reuters នាសប្ដាហ៍នេះថា វាគឺហាក់ដូចជានឹង​មាន​ការកើតឡើង។

លោកបានបដិសេធក្នុងការអធិប្បាយលម្អិតអំពីរឿងនេះ។ ប៉ុន្ដែបើតាមលោក ជុង បាក់ អតីតមន្រ្ដីទីភា្នក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលមួយរូប ហើយបច្ចុប្បន្ននេះ ជាសមាជិកជាន់ខ្ពស់ នៅឯវិទ្យាស្ថានអ្នកវិភាគ Brooking មួយបានឱ្យដឹងថា កិច្ចប្រជុំលើកទី២មួយ អាចនឹងជួយនាំទៅរកកិច្ចចរចានានាក្នុងទិសដៅដ៏ត្រឹមត្រូវមួយ។

លោក បាក់ បាននិយាយបែបនេះនៅឯព្រឹត្តិការណ៍ពិភាក្សាគ្នាមួយរបស់សម្ព័ន្ធមិត្ត អាមេរិក-កូរ៉េខាងត្បួងថា ប្រសិនបើមានកិច្ចប្រជុំកំពូលលើកទី២មែននោះ ដែលនឹងអាចធ្វើជាឱកាសដ៏មានសារសំខាន់មួយសម្រាប់ប្រធានាធិបតី ត្រាំ ក្នុងការផ្ដល់អំណាចដល់ក្រសួងការបរទេស និងកិច្ចចរចានុយក្លេអ៊ែរជាបន្ដបន្ទាប់នឹងកើតមានឡើងដែរ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )