ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពិធីចុះហត្ថលេខា រវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader Holdings Group Limited សម្រាប់អនុវត្តន៍ «គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា»

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ –ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ  មន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា រវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader Holdings Group Limited លើការបង្កើតមូលនិធិរួមគ្នា ដែលមានទឹកប្រាក់សរុប ៨០ម៉ឺនដុល្លារអាម៉េរិក សម្រាប់អនុវត្តន៍ «គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា» ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍គាំទ្រភាពជាដៃគូ រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Green Leader Holdings Group Limited របស់ប្រទេសចិន ដើម្បីអភិវឌ្ឍន៍វិស័យដំឡូងមី ដោយផ្តោតសំខាន់លើការពង្រឹងខ្សែសង្វាក់តម្លៃ (ដាំដុះ និងកែច្នៃ) សំដៅលើកស្ទួយឧស្សាហកម្មក្នុងស្រុក និងពង្រីកការនាំចេញទៅកាន់ទីផ្សារសកលឱ្យបានអតិបរមា។

ជាមួយគ្នានេះដែរ ឯកឧត្តមបានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការលើកស្ទួយវិស័យដំឡូងមី ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) និងគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា មូលនិធិថ្មីនេះនឹងនាំមកនូវផ្លែផ្កា និងអត្ថប្រយោជន៍រួមសម្រាប់តួអង្គពាក់ព័ន្ធ ជាពិសេសកសិករដាំដុះដំឡូងមី ព្រមទាំងក្លាយជាគំរូហិរញ្ញវត្ថុថ្មី នៃភាពជាដៃគូ រវាងវិស័យសាធារណៈ និងផ្នែកឯកជន។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម និងអង្គការ UNDP បានប្តេជ្ញាក្នុងការដឹកនាំអភិវឌ្ឍន៍វិស័យដំឡូងមី ដោយផ្តោតលើការលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងទ្រទ្រង់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ហើយការផ្តួចផ្តើមអនុវត្តន៍គម្រោងថ្ងៃនេះ គឺជាជំហានថ្មីមួយទៀត បន្ទាប់ពីគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា គម្រោងថ្មីនេះ នឹងផ្ដល់នូវគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់ជំរុញវិស័យដំឡូងមី ដោយបង្កើតឱ្យមានកាលានុវត្តថ្មីៗសម្រាប់ភាគីពាក់ព័ន្ធ រួមទាំងកសិករដាំដុះដំឡូងមី ដើម្បីទាញយកអត្ថប្រយោជន៍ផ្សេងៗ សំដៅពង្រឹងជីវភាពតាមរយៈការធ្វើកសិកម្ម។

សូមបញ្ជាក់ថា គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា នឹងត្រូវអនុវត្តន៍ ក្នុង  រយៈពេល ៣ឆ្នាំ ៥ខែ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ ក្រសួងពាណិជ្ជកម្មនឹងបង្កើតវេទិកាសន្ទនាសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សាអំពីបញ្ហាប្រឈម និងសម្របសម្រួលការប្រមូលផ្តុំធនធាន ដើម្បីដោះស្រាយបញ្ហានានា (ចំណុចកដប) ដែលរាំងស្ទះដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលដំឡូងមីកម្ពុជា និងការធ្វើពិធិធកម្ម (ពង្រីក) នាំចេញទៅកាន់ទីផ្សារពិភពលោក៕

ដោយ ទេស ច័ន្ទសុធារី