ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីនាំយកអំណោយជូនដល់​ក្មេងកំព្រា០៤នាក់

AKP មណ្ឌលគិរី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ –កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព. ​២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក អាន សុខ   ឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកាព្រមទាំងអនុសាខាស្រុក បានចូលរួមរំលែកទុក្ខ និងនាំយកថវិកា ២លានរៀល រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនគ្រួសារសព ពីរនាក់ប្តីប្រពន្ធ បានយករំសេវបំផ្ទុះធ្វើអត្តឃាតខ្លួនឯង នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

ក្នុងការចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពនោះដែរ លោក អាន សុខឃីម និងសហការី បានចូលរួមសោកស្តាយចំពោះក្មេងៗប្រុសស្រីចំនួន០៤នាក់ ដែលបានបាតបង់ឪពុកម្តាយដែលខ្លួនស្រឡាញ់ និងជាទីពឹងរបស់កូនៗផងដែរ។ នាឱកាសនោះ លោក បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្តមណ្ឌលគិរី ដែលជានិច្ចកាល ថ្នាក់ដឹកនាំខេត្ត តែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាព និងជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋទូទៅ ជាពិសេសក្មេងកំព្រា គ្រួសារដែលមានជីវភាពខ្វះខាត ជនពិការ និងប្រជាពលរដ្ឋដែលជួបបញ្ហាទុក្ខលំបាកដោយប្រការផ្សេងៗ។ ជាក់ស្តែងគ្រួសារសពចំនួនពីរនាក់ ដែលស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯង បន្សល់ទុកនូវកូនកំព្រា គ្មានទីពឹងនាពេលនេះ ក្នុងមួយសពទទួលបានថវិកា១លានរៀល រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនគ្រួសារសព ដើម្បីយកទៅចាត់ចែង និងធ្វើបុណ្យតាមប្រពៃណី។ លោកនាយកសាខា ក៏បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់​ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ តាមរយៈហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ចៀសវាងកើតមានជំងឺផ្សេងៗ និងត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផងដែរ។

លោក អាន សុខឃីម បានបញ្ជាក់ថា ក្មេងប្រុសស្រីទាំង០៤នាក់ កំព្រាឪពុកម្តាយនោះ ខណៈពេលនេះ គឺត្រូវរស់នៅជាមួយជីដូនម្នាក់ ក្នុងផ្ទះតូចមួយ ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ 

ក្នុងឱកាសនោះ ប្អូនៗប្រុសស្រីទាំង០៤នាក់ ក៏បានសំណូមពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសប្បុរសជននានា ជួយឧបត្ថម្ភផ្ទះ១ខ្នងជូនក្មេងៗទាំងនោះផង ដើម្បីឱ្យការរស់នៅមានកន្លែងសមរម្យ។

សូមបញ្ជាក់ថា ​ករណី​បន្សល់ទុក​ក្មេង​កំព្រា​រហូតដល់​ទៅ​០៤​នាក់​នេះ ក្រោយពេលប្តីប្រពន្ធពីរនាក់ បានបញ្ចប់ជីវិត ដោយយកគ្រាប់រំសេវបំផ្ទុះធ្វើអត្តឃាតខ្លួនឯង នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា វេលា​ម៉ោង​០២​និង ៥០​នាទី​រសៀល​ថ្ងៃទី​២១ សីហា ឆ្នាំ២០១៨ បង្កដោយ​បុរស​ជា​ប្តី​ឈ្មោះ​ស៊ឹម ធី​ម អាយុ​៣៧​ឆ្នាំ ជា​កម្មករ និង​ជា​អ្នកដើរ​រើស​អេតចាយ​រណ្តៅ​រ៉ែ​មាស (​រើស​កម្ទេចមាស​) មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង។ រីឯ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​នឿន ឡែ​ន អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តកំពង់ចាម ៕

ដោយ ចាន់បុត្រ