ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ៖ អ្នកវិនិយោគថៃបង្វែទិសដៅមកវិនិយោគនៅកម្ពុជា ឈានមុខគេ ក្នុងចំណោមប្រទេសអាស៊ាន

AKP បាងកក, ប្រទេសថៃ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ –មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា អ្នកវិនិយោគថៃបានបង្វែទិសដៅរបស់ខ្លួន មកវិនិយោគនៅកម្ពុជាឈានមុខគេក្នុងចំណោមប្រទេសអាស៊ានចាប់ពីចុងអាណត្តិទី៥ និង ដើមអាណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងបទសម្ភាសន៍ជា មួយតំណាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) កាលពីរសៀលថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងបាងកក លោកស្រី Vannaporn Ketudat អគ្គនាយករងនៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មអន្តរជាតិក្រសួងពាណិជ្ជកម្មថៃបានមានប្រសាសន៍ថា ព្រះរាជាណាចក្រ កម្ពុជាជាប្រទេសមួយដែលរដ្ឋាភិបាលថៃបានកំណត់យកជាប្រទេសអាទិភាពក្នុងចំណោមប្រទេសសមាជិកអាស៊ានដទៃទៀតដែលនៅជាប់ព្រំដែនជាមួយប្រទេសថៃ។

លោកស្រីបានបន្ដថា រាជរដ្ឋាភិបាលថៃបានបង្វែទិសអ្នកវិនិយោគរបស់ខ្លួនចូលមក កម្ពុជានេះដោយសារ ថៃយល់ឃើញថា ប្រទេសថៃនិងកម្ពុជាជាប្រទេសនៅជាប់ភូមិផងរបងជាមួយគ្នា មានវប្បធម៌ ស្រដៀងគ្នា ហើយថៃក៏មានបទពិសោធន៍ស្រាប់ក្នុងវិនិយោគកន្លងមក ជាងនេះទៅទៀត ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរជាមិត្តល្អជាមួយគ្នា ហើយបច្ចុប្បន្នកម្ពុជាមានស្ថិរភាព នយោបាយល្អ ព្រមទាំងសក្តានុពលសេដ្ឋកិច្ចក៏មានកំណើនជាប្រចាំ។

លោកស្រីបានលើកឡើងថា ចំណុចសំខាន់មួយចំនួនទៀតដែលធ្វើឱ្យអ្នកវិនិយោគថៃ ចាប់អារម្មណ៍ចង់មកបោះទុនវិនិយោគនៅកម្ពុជាខ្លាំងបំផុតនោះគឺតម្លៃកម្លាំងពលកម្មទាប និង កម្ពុជាជាប្រទេសស្ថិតនៅចំណុចកណ្តាលនៃច្រកនាំចេញចូលរបស់ប្រទេសអាស៊ាន ហើយ ទំនាក់ទំនងការទូតប្រទេសទាំងពីរក៏កាន់មានលក្ខណៈល្អប្រសើរបំផុតដែលផ្តល់អំណោយ ផលសម្រាប់អ្នកវិនិយោគថៃផងដែរ ទន្ទឹមនេះ រដ្ឋាភិបាលថៃក៏មានផែនការជំរុញឱ្យអ្នក វិនិយោគរបស់ខ្លួនផ្តោតគោលដៅលើខេត្តដែលមានសក្តានុពលរបស់កម្ពុជាដូចជា ខេត្ដសៀម រាប និងខេត្ដព្រះសីហនុ ជាដើម ដើម្បីបង្កើនអ្នកវិនិយោគថៃឱ្យច្រើនថែមទៀត នាពេល អនាគត។

លោកស្រីអគ្គនាយករងបានឱ្យដឹងទៀតថា ក្រៅពីកម្ពុជាជាគោលដៅទី១ អ្នកវិនិយោគ ថៃបានសម្លឹងទៅប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាគោលដៅបន្ទាប់ក្នុងការបោះទុនវិនិ យោគរបស់ខ្លួន។

សូមរម្លឹកថា កន្លងទៅនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នា ចាប់ជា ដៃគូល្អក្នុងការជំរុញការអភិវឌ្ឍប្រទេសទាំងពីរឱ្យដើរទៅមុខជានិច្ច ដោយមិនទុកឱ្យប្រទេស ណាមួយដើរទៅមុខ ឬថយក្រោយតែឯកឯងនោះឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០១៨ នេះ មានក្រុមហ៊ុនល្បីៗរបស់ថៃជាង១០ក្រុមហ៊ុនបាននិងកំពុងវិនិយោគនៅកម្ពុជា ហើយ ក្នុងនោះក៏មានក្រុមហ៊ុនមួយចំនួនបាននិងកំពុងពង្រីកសាខាបន្ថែមទៀតផងដែរ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា