ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨

AKP កណ្តាល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា សម្ដេ​ច ​​នឹងទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួម​ធ្វើ​​​​សេចក្ដីថ្លែងការណ៍ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីនោះ។
ក្នុងពិធីជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករនិ​យោ​ជិ​តចំនួនជាង ១៧០០០នាក់ ដែ​​​ល​មកពីរោងចក្រ សហគ្រាសចំនួន១២ នៅខេត្តកណ្ដាល ដែលត្រូវបានប្រារព្ធធ្វើ​ឡើង នា​ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ​សី​​ហា ឆ្នាំ២០១៨ នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល សម្ដេច​តេ​ជោ​បានមានប្រសាសន៍អំពីកាលបរិច្ឆេទ ដែលអាក់ខានមិនបានជួបកម្មករនៅពេលខ្លះថា នៅ​ព្រឹ​កថ្ងៃទី០៥ ខែកញ្ញា ប្រជុំសភាលើដំបូងក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា​ព្រះ​មហាក្សត្រ ពេលរសៀលសភាចូលស្បថកាន់តំណែង នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា សភាប្រ​ជុំ​ពេញ​អង្គ ដើម្បីបង្កើតក្បាលម៉ាស៊ីនសភា និងផ្ដល់ការទុកចិត្ត ចំពោះរាជរដ្ឋាភិបាល ថ្ងៃទី០៧ ខែ​កញ្ញា ប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង។

សម្តេចបានថ្លែងបន្តថា ថ្ងៃទី១០ ខែកញ្ញា ខ្ញុំនឹងចេញដំណើរទៅទីក្រុងណាននីង សា​ធារ​​ណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមពិព័រណ៍អាស៊ាន-ចិន ដែលឆ្នាំនេះកម្ពុជាមិនអាច​អវ​ត្ត​មាន​​នាយករដ្ឋមន្ត្រីបានទេ ព្រោះជាប្រទេសកិត្តិយស។ ថ្ងៃទី១២ ខែកញ្ញា ទៅកាន់ទី​ក្រុង​ហា​ណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ច​ពិភពលោ​ក​។​ ថ្ងៃ​ទី២៧ ខែកញ្ញាទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួម​ក្នុងមហាសន្និបាត​អង្គ​ការ​សហប្រជាជាតិ ព្រោះខ្ញុំត្រូវថ្លែងសន្ទរកថា នៅថ្ងៃទី២៨ ឬថ្ងៃទី២៩ ហើយ​ឆ្នាំនេះថ្នាក់​ប្រ​ធា​នា​ធិបតី និងប្រមុខរដ្ឋទៅកាន់អង្គការសហប្រជាជាតិរហូតទៅដល់ ១០៥រូប។
បន្ទាប់មក​នៅ​ក្នុង​ខែតុលា ខ្ញុំនឹងត្រូវធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាមេគង្គ-ជប៉ុន បន្តទៀត​នឹង​ត្រូវមកកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ជា​មួយ និងអង្គការរូបិយវត្ថុអន្តរជាតិ។ នៅថ្ងៃទី១៧ ខែតុលា ខ្ញុំនឹងទៅទីក្រុងព្រុចសែល ដើម្បី​ចូល​រួមកិច្ចប្រជុំអាស៊ីអឺរ៉ុប ថ្ងៃទី២០ ខែតុលា ទៅកាន់ទីក្រុងអង់ការ៉ាប្រទេសតួកគីដើម្បី​បំពេ​ញ​ទស្សន​កិច្ចផ្លូវការ ហើយថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីចូល​រួម​វេ​ទិ​កាពាណិជ្ជកម្ម ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើនចូលរួមនៅទីនោះ៕

ដោយ ជឹម ណារី