ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អង់គ្លេសស្នើឱ្យកម្ពុជាគាំទ្រ ដើម្បីធ្វើជាដៃគូសន្ទនាជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ក្រោយចេញពីសហភាពអ៊ឺរ៉ុប

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អាត ចន្ធូ៖

មន្ដ្រីជាន់ខ្ពស់អង់គ្លេស បានលើកឡើងថា អង់គ្លេសស្នើឱ្យកម្ពុជាគាំទ្រដើម្បីធ្វើជាដៃគូសន្ទនាជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ក្រោយចេញពីសហភាពអឺរ៉ុប ដើម្បីពិភាក្សាការងារ ឲ្យបានកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

ថ្លែងក្នុងជំនួបជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី២២ ខែសីហា នៅទីស្ដីការក្រសួងការបរទេស ឯកឧត្តម ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា ចកក្រភពអង់គ្លេសត្រូវការគាំទ្រពីកម្ពុជា ដើម្បីពិភាគក្សាការងារ ជាមួយបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន ក្រោយចេញសហភាពអឺរ៉ុប ជាពិសេសផ្តោតទៅលើផ្នែកសន្តិសុខ វិស័យការពារជាតិ វិស័យការពារភេរវកម្ម និងការជួញដូរគ្រឿងញៀនជាដើម។

ឯកឧត្តមបន្ដថា កិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងអង់គ្លេស ដោយផ្តោតសំខាន់ទៅ លើទំនាក់ទំនងប្រជាជន និងប្រជាជន ដែលបច្ចុប្បន្ននេះ ប្រជាជនអង់គ្លេសមានចំនួនជាង៥ពាន់នាក់ ដែលបានរស់នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម កេត សោ ផាន់ អ្នកនាំក្រសួងការបរទេស និងសហប្រតិបតិ្តការអន្ដរជាតិបានបញ្ជាក់ថា ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បាន បានស្វាគមន៍នៃការប្តេជ្ញាចិត្តរបស់អង់គ្លេស ដើម្បីបន្តភាពជាដៃគូជិតស្និទ្ធ ជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ាន ហើយមានសុទ្ធិដិ្ឋនិយមថា ការចូលជាសមាជិកសន្ទនាពីសំណាក់អង់គ្លេសជាមួយអាស៊ាន គឺនឹងទទួលបានការគាំទ្រពីអាស៊ានផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់អង់គ្លេសដែលបានផ្តល់ការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសដែលមានការអភិឌ្ឍតិចតួច ដែលរួមមានកម្ពុជាផង ៕