ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ដាស់តឿនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តចាត់វិធានការ ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់

AKP កណ្តាល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការដា​ស់​​តឿនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបន្តចាត់វិធានការគ្រប់យ៉ាង​​ ដើម្បីដោះ​ស្រា​​​​​យ​​បញ្ហានានារបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់នោះ។

ក្នុងពិធីជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករនិ​យោ​ជិ​តចំនួនជាង ១៧០០០នាក់ ដែ​​​ល​មកពីរោងចក្រ សហគ្រាសចំនួន១២ នៅខេត្តកណ្ដាល ដែលត្រូវបានប្រារព្ធធ្វើ​ឡើង នា​ព្រឹក​ ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ​សី​​ហា ឆ្នាំ២០១៨ នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល សម្ដេច​តេ​ជោ​មានប្រសាសន៍ថា គ្មានប្រទេសណាមួយដែលមានលទ្ធភាព ចៀសវាងបាននូវគ្រោះ ធម្ម​ជា​តិ​នោះទេ។ រាប់ទាំងពេលនេះមួយភាគនៃទឹកដីកម្ពុជា កំពុងជួបគ្រោះធម្មជាតិជំនន់​ទឹក​ភ្លៀង​ ដែលបានកើតមាននៅខេត្តប៉ៃលិន បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺជាដើម។ ចំណែក​ខេត្តមួយ ចំនួនទៀតបានប៉ះពាល់ជំនន់ទឹកទន្លេមេគង្គរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់​ចា​ម និង ខេត្តកណ្ដាល។ល។ ដូច្នេះ “ខ្ញុំសូមយកឱកាសនេះដាស់តឿន ចំពោះអាជ្ញាធរគ្រប់​លំដាប់​ថ្នាក់ទាំងអស់ សូមបន្តចាត់វិធានការគ្រប់យ៉ាងដើម្បីដោះបញ្ហានានា ដែលទាក់​ទង​ទៅនឹងសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលកំពុងលិចលង់នៅពេលនេះ”។

សម្ដេចក៏បានអំពាវ​នាវ​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យត្រៀម រៀបចំគ្រាប់ពូជទាំងឡាយ ដើម្បី​បំពេ​ញតម្រូវការ ប្រជាជនបានទាន់ពេលវេលា ខណៈមានការរងការខូចខាតមួយចំនួនធំ ដែ​ល​តម្រូវ​ឱ្យមានការធ្វើឡើងវិញ។ ពាក់ព័ន្ធនឹងបញ្ហាគ្រោះទឹកជំនន់នេះ សម្ដេច ក៏បានបញ្ជា​ឱ្យក្រ​សួង​សាធារណការ និងក្រសួង អភិវឌ្ឍន៍ជនបទ ពិនិត្យមើលផ្លូវថ្នល់ ដែលមាន​ការខូច​ខាត​យ៉ាងច្រើន នៅក្នុងឆ្នាំនេះ ហើយក្រសួងធនធានទឹក ត្រួតពិនិត្យ និងជួសជុល ប្រឡា​យ​ទឹក ឬទំនប់ទឹកដែលខូចខាត ដោយគ្រោះទឹកជំនន់។

ជាងនេះទៀតសម្ដេចតេជោ ក៏បានស្នើ​ឱ្យ​ក្រសួង​សុខាភិបាល ត្រូវពិនិត្យ និងផ្ដល់ថ្នាំពេទ្យឱ្យបានគ្រប់គ្រាន់ ដល់ប្រជាពលរដ្ឋរង​គ្រោះ​ ជាពិសេស ក្រោយទឹកជំនន់ ស្រកចុះ មន្ទីរពេទ្យ នៅតាមតំបន់រងគ្រោះ ត្រូវខិតខំយក​ចិត្តទុ​កដាក់ បម្រើសេវាជូនប្រជាពលរដ្ឋ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ​ចំ​ពោះ​ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការជាមួយមីក្រូហិរញ្ញវត្ថុទាំងឡាយ ដើម្បីអនុគ្រោះចំពោះប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះទឹកជំនន់ ដែលរងការខូចខាត ដោយ​បន្ធូរ​បន្ថយរយៈពេលសង ឬបន្ធូរបន្ថយមិនយកការប្រាក់នៅក្នុងរយៈពេលណាមួយ ហើយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានផ្ដល់កម្ចី មិនត្រូវរឹបអូសទ្រ​ព្យ​សម្ប​ត្តិ​ប្រ​ជាពលរដ្ឋរងគ្រោះទឹកជំនន់ឡើយ ប៉ុន្តែផ្ទុយទៅវិញត្រូវមាន ការយោគយល់ អធ្យាស្រ័យ​ដល់​ពួកគាត់៕

ដោយ ជឹម ណារី