ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសំដែងការសោកស្តាយដល់គណបក្សខ្លះដែលមិនបានចូលរួមក្នុង «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដើម្បីរួមចំណែកកសាងជាតិ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ស្រី ផន វាសនា រូបថត លោក ចន ណារិទ្ធ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតជាង ១ម៉ឺន៧ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅសួនឧស្សា ហកម្មសំរោងធំ ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី២៣ ខែ សីហានេះ។ សម្តេចតេជោ បន្តថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺដើម្បីទុកឱកាសឱ្យគណបក្សក្រៅរដ្ឋសភា បានចូលរួមចំណែកបម្រើជាតិ និងនាំមកនូវការបង្រួបបង្រួមជាតិ ដែលគណបក្សទាំងនោះសុទ្ធតែមានធនធានមនុស្ស ធនធានបញ្ញា ដូចគណបក្សប្រជាជនកម្ពុជាដែរ ប៉ុន្តែគណបក្សមួយចំនួនបែរជាមិនចូលរួម។ សម្តេចតេជោ បញ្ជាក់ថា សម្តេច បានផ្តល់ឱកាស ឲ្យគណបក្សនយោបាយដទៃចូលរួម ប៉ុន្តែបក្សខ្លះបែរជាបោះបង់ឱកាសនេះ និងបានចេញ សេចក្តីថ្លែងការណ៍ថា គាំទ្រគំនិតបង្កើតនេះហើយ ប៉ុន្តែពួកគេនៅរង់ចាំឱ្យរដ្ឋសភា និងរាជរដ្ឋាភិបាលដំណើរការសិន ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលបង្ហាញអំពីយន្តការជាក់លាក់ ។សម្តេចតេជោ បញ្ជាក់បន្ថែមថា សម្តេច បានទុកសិទ្ធិឲ្យអស់លោកប្រើ ប៉ុន្តែអស់លោកបែរមិនចេះប្រើវិញ។