ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន មានគម្រោងលើកលែងទោសទ្រង់ទ្រាយធំ ដល់ទណ្ឌិតមួយចំនួនក្នុងពេលបុណ្យជាតិធំៗនាពេលខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨​ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែង​ថា ឆ្នាំនេះនឹងអាចមានដំណើរការលើកលែងទោសដល់ទណ្ឌិតជាទ្រង់ទ្រាយធំ នៅពេល​បុណ្យ​ជាតិសំខាន់ៗនាពេលខាងមុខ ដើម្បីឱ្យពលរដ្ឋដែលជាប់ពន្ធនាគារមានឱកាសចេញមក​ធ្វើ​ការ​កែប្រែខ្លួនសារជាថ្មី។


ក្នុងពិធីជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករនិ​យោ​ជិ​តចំនួនជាង ១៧០០០នាក់ ដែ​​ល​មកពីរោងចក្រ សហគ្រាសចំនួន១២ នៅខេត្តកណ្ដាល ដែលត្រូវបានប្រារព្ធធ្វើ​ឡើង នា​ព្រឹក​ ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ​សី​​ហា ឆ្នាំ២០១៨ នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល សម្ដេច​តេ​ជោ​ ថ្លែងថា ប្រសិនបើការសន្តោសប្រណីណាមួយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូន​ទៅ​អ្នក​ជាប់ទោស សុំកុំនិយាយថានេះបណ្ដាមកពីការគាបសង្កត់របស់បរទេសឱ្យសោះ សូម​ប្រ​យ័ត្នប្រយែងទៅលើពាក្យសម្តីចំពោះបញ្ហានេះ។

ខ្ញុំចង់ធ្វើការលើកលែងទោសទ្រង់​ទ្រា​យ​ធំ​នៅ​ពេលខាងមុខ មិនមែនគ្រាន់តែមនុស្សប៉ុន្មាននាក់នោះទេ ក៏ប៉ុន្តែខ្ញុំមានគោលដៅថា រដូវ​បុណ្យភ្ជុំ រដូវបុណ្យអុំទូក ឬបុណ្យឯករាជ្យនៅឆ្នាំនេះ អាចនឹងស្នើឱ្យមានការលើកលែង​ទោស​ទ្រង់ទ្រាយធំ ដើម្បីឱ្យពលរដ្ឋរបស់យើងដែលជាប់ពន្ធនាគារ មានឱកាសចេញមកដើម្បី​ធ្វើការ​កែប្រែខ្លួនសារជាថ្មី។

ដូច្នេះក្រៅពីអ្នកជាប់ទោសមួយចំនួនដែលបានលើកលែងទោស​កន្ល​ងទៅ និងបន្តការលើកលែងទោស សុំកុំនិយាយថាបណ្ដាលមក​ពីការគាបសង្កត់របស់​អ​ន្តរ​​ជាតិ ខ្ញុំស្អប់ណាស់អាពាក្យហ្នឹង។ ដូច្នេះសូមបងប្អូនដែលកំពុងនៅក្នុងពន្ធនាគារដែល​ខ្ញុំ​គ្រោង​សុំលើកលែទោសប្រហែល ១២នាក់ផ្សេងទៀត ដែលបានធ្វើលិខិតសុំទោសរួចហើយ ក៏​​ប៉ុន្តែបើសិនជាអ្នកណាមួយធ្វើអត្ថាធិប្បាយអំពីការគាបសង្កត់ពីអន្តរជាតិ ខ្ញុំទុកសិន ទុករ​ហូ​ត​​ទៅដល់​អ្នកដែលធ្វើលិខិតសុំនេះ ធ្វើការថ្កោលទោសអ្នកដែលនិយាយ បានខ្ញុំព្រម ខ្ញុំអាច​មាន​លក្ខខណ្ឌហ្នឹង ទៅសម្រាប់អ្នកដែលធ្វើលិខិតសុំលើកលែងទោស។

សម្ដេចតេជោបន្តថា អំពើ​សន្តោសប្រណីដែលចេញពីចិត្តធម៌របស់ខ្ញុំ ក្នុងឋានៈជា នាយករដ្ឋមន្ត្រី ហើយដែលត្រូវ​អនុវត្តន៍​​នូវច្បាប់ពន្ធនាគារដែលចែងថា នាយករដ្ឋមន្ត្រីមានសិទ្ធិនឹងសុំលើកលែងទោសថ្វាយ​ព្រះ​មហាក្សត្រនៅពេលណាក៏បាន។ ច្បាប់ពន្ធនាគារគេអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីធ្វើបែបនេះ ប៉ុន្តែជាទម្លាប់ទូទៅត្រូវអនុវត្តន៍ ទោសពីរភាគបីសិន ទើបអាចបន្ធូរបន្ថយ នឹងលើកលែងទោស ក៏ប៉ុន្តែ​នៅពេលខាងមុខដែលហៅថា លើកលែងទោសទ្រង់ទ្រាយធំ យើងពុំចាំបាច់យកការ​ជា​ប់​ពន្ធនាគារពីរភាគបីមកនិយាយទេ។

សម្ដេចតេជោថ្លែងទៀតថា ចំពោះអ្នកដែលចេញពី​ពន្ធ​នា​គារហើយ ក៏កុំព្រហើនពេកដែរ កុំស្មានថាគេមិនហ៊ានចាប់បញ្ចូលគុកវិញឱ្យសោះ តែកាល​ណា​ប៉ះពាល់ដល់ច្បាប់គឺច្បាប់ចាប់ទៀត និយាយយ៉ាងដូច្នេះមិនមែនបានសេចក្ដីថាបិទមាត់​នោះ​ទេ និយាយអ្វីនិយាយទៅកុំតែប៉ះពាល់ដល់គេ ត្រូវដឹងថាសេរីភាពរបស់អ្នកឯងគឺមាន​ព្រំ​ប្រទល់​ជាមួយសេរីភាពរបស់អ្នកដទៃ បើអ្នកឯងបំពានហើយទោះជាធ្លាប់ជាប់គុក១០០ដង​ក៏​ត្រូវ​​ជាប់គុកបន្តទៀតដែរ៕

ដោយ ជឹម ណារី