ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បច្ចុប្បន្នវិស័យសាសនា បាន និងកំពុងដើរតួយ៉ាងសំខាន់ និងជាវប្បធម៌ចែករំលែកដែលយើងមិនអាចខ្វះបាន

AKP កែប ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — វិស័យសាសនា បាន និងកំពុងដើរតួយ៉ាងសំខាន់សម្រាប់ជាវប្បធម៌ចែករំលែកមួយ ដែលសង្គមមិនអាចខ្វះបាន ហើយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតែងនាំគ្នាគោរពសក្ការបូជា នៅទូទាំងប្រទេស ពិសេសខេត្តកែបរបស់យើងតែម្តង។

នេះជាប្រសាសន៍របស់ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ដែលបានចុះទៅពិនិត្យមើលការសាងសង់សាលាឆាន់ និងនាំយកចង្ហាន់ទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តរតនៈរាជាអង្គព្រៃធំ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប កាលពីថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និងសុរិយោដីខេត្តកែប លោកម៉ែន សុរធី ប្រធានមន្ទីរសុខាភិបាលខេត្តកែប និងលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។

ឯកឧត្តម កែន សត្ថា អភិបាលខេត្តបានបន្តទៀតថា ដោយមើលឃើញពីសារៈសំខាន់ លើវិស័យសាសនា ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្នរាជរដ្ឋាភិបាលតែងផ្តោតការយក ចិត្តទុកដាក់ខ្ពស់បំផុត និងតែងជួយទំនុកបម្រុង និងផ្តួចផ្តើមកសាងទីអារាមនៅគ្រប់កន្លែង និងគ្រប់ទិសទីនៅទូទាំងប្រទេស ដូចយើងឃើញស្រាប់ហើយ សមិទ្ធផលជាច្រើន ស្ថិតនៅតាមទីអារាមនានា សុទ្ធសឹងបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់ស្រទាប់ ពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តមនឹងខិតខំជំរុញការសាងសង់សាលាឆាន់នេះឱ្យបានឆាប់ រួចរាល់ជាស្ថាពរ សម្រាប់បម្រើដល់វិស័យសាសនាដែលជាសាសនារបស់រដ្ឋ និងសម្រាប់លោកតា លោកយាយ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់ទិសទីមាន ភាពងាយស្រួលនាំគ្នាមកគោរពប្រណិប័តន៍តាមផ្លូវព្រះធម៌ ព្រះសង្ឃ ដើម្បីគោរពសក្ការបូជា តាមជំនឿក្នុងព្រះពុទ្ធសាសនានៃយើង៕

ដោយ ប្រាក់ លាង