ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហព័ន្ធបាល់ទាត់ប្រកាសពីការលក់សំបុត្រចូលទស្សនាការប្រកួតមិត្តភាព​ក្រុមជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ –សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសឱ្យដឹងថា ការលក់សំបុត្រចូលរួមទស្សនាការ ប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ី នឹងត្រូវចាប់ផ្តើមលក់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នៅខាងមុខបរិវេណនៃពហុកីឡដ្ឋានជាតិ អូឡាំពិក។

ការបើកលក់សំបុត្រនេះ មានរយៈពេល១០ថ្ងៃពោលគឺចាប់បើករៀងរាល់ថ្ងៃរហូតដល់ពេល ប្រកួតផ្លូវការតែម្តង ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតជាមួយ ក្រុមជម្រើស ជាតិម៉ាឡេស៊ីគ្រោងនឹងធ្វើឡើង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។ សហព័ន្ធបាល់ ទាត់កម្ពុជាបញ្ជាក់ទៀតថា សំបុត្រចូលទស្សនាមានតម្លៃដូចរាល់ដងដែរ ដោយសំបុត្រមាន តម្លៃ១ម៉ឺនរៀល សម្រាប់កៅអីមានដំបូល និង៥ពាន់រៀលសម្រាប់កន្លែងអង្គុយទីវាល។ ការ ប្រកួតកម្តៅសាច់ដុំបង្កើនបច្ចេកទេសនេះ គឺក្រុមទាំងពីរត្រៀមការប្រកួតពានរង្វាន់អាស៊ាន AFF Suzuki Cup 2018នេះដូចៗគ្នា។

ក្រៅពីត្រូវជួបជាមួយម៉ាឡេស៊ី គឺក្រុមម្ចាស់ផ្ទះ ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតកម្តៅសាច់ដុំ២ប្រកួតផ្សេងទៀតជាមួយនឹងទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងប្រកួតជាមួយនឹងក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ផងដែរ។ ការប្រកួតមិត្តភាពរបស់កម្ពុជា គឺដើម្បីត្រៀមខ្លួននៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ក្រោមការដឹកនាំថ្មីជនជាតិជប៉ុន លោក Keisuke Honda ក្នុងនាមជា អ្នកចាត់ការទូទៅក្រុមផង និងជាគ្រូបង្វឹកផង។

សូមបញ្ជាក់ថា វគ្គជម្រុះក្នុងពូលពានរង្វាន់ AFF Suzuki Cup 2018 មាន១០ប្រទេស ក្នុងអាស៊ានចូលរួមប្រកួត ដោយក្នុងពូលA មាន៥ក្រុម រួមមាន៖ វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា និងឡាវ ខណៈពូលB មាន៥ក្រុម រួមមាន៖ ក្រុមថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី និងព្រុយណេ ឬទីម័រខាងកើត ដែលក្រុមជម្រើសជាតិព្រុយណេ និងទីម័រ ខាងកើតត្រូវប្រកួតប្តូរដីគ្នាម្តងម្នាក់ ដើម្បីប្រកួតជម្រុះបឋម ហើយក្រុមណា ដែលឈ្នះ ត្រូវឡើង មកប្រកួតនៅក្នុងពូលBនេះ៕

ដោយ ហេង ណាលីន