ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ នាយករដ្ឋមន្រ្តី អំពាវនាវដល់ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច ពិភាក្សាជាមួយមីក្រូហិរញ្ញវត្ថុ ដើម្បីអនុគ្រោះដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលជំពាក់បំណុល

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ផន វាសនា រូបថត លោក ចន ណារិទ្ធ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតជាង ១ម៉ឺន៧ពាន់នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅសួនឧស្សា ហកម្មសំរោងធំ ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២៣ ខែ សីហានេះ។

សម្តេចតេជោ បន្តថា បច្ចុប្បន្នបញ្ហាគ្រោះទឹកជំនន់ កំពុងតែបង្កឲ្យមានការផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែល រស់នៅតាមដងទន្លេ ដូច្នេះសូមឲ្យធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការជាមួយមីក្រូហិរញ្ញវត្ថុទាំងឡាយ ដើម្បីឲ្យប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ដែលបានជំពាក់លុយនៅតាមមីក្រូហិរញ្ញវត្ថុទាំងនោះ អាចពន្យាការសង ឬមិនយកការប្រាក់ អំឡុងពេលដែលពួកគាត់ជួបបញ្ហាទឹកជំនន់នេះ។

សូមបញ្ជាក់ថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហានេះ បានឲ្យដឹងថា កំពស់ទឹកទន្លេនៅតំបន់មួយបានឡើងលើសពីកំរិតប្រកាសអាសន្នទៅហើយ ក្នុងនោះ ទន្លេមេគង្គ-ស្ទឹងត្រែង មានកំពស់១០ម៉ែត្រ៧៨សង់ទីម៉ែត្រ ខណៈ កំរិតប្រកាសអាសន្នត្រឹមតែ១០ម៉ែត្រ៧០សង់ទីម៉ែត្រ។ទន្លេមេគង្គ-ក្រចេះ មានកំពស់២២ម៉ែត្រ២២សង់ទីម៉ែត្រ ខណៈ កំរិតប្រកាសអាសន្នត្រឹមតែ២២ម៉ែត្រ។ទន្លេមេគង្គ-កំពង់ចាម មានកំពស់១៥ម៉ែត្រ៤៨សង់ទីម៉ែត្រ ខណៈ កំរិតប្រកាសអាសន្នត្រឹមតែ១៥ម៉ែត្រ២០សង់ទីម៉ែត្រ។ទន្លេបាសាក់-កោះខែល មានកំពស់៧ម៉ែត្រ៧៦សង់ទីម៉ែត្រ ខណៈ កំរិតប្រកាសអាសន្នត្រឹមតែ៧ម៉ែត្រ៤០សង់ទីម៉ែត្រ។