ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីស្រាអែលលក់មីស៊ីល Spike ប្រឆាំងរថក្រោះទៅឱ្យយោធាអូស្ត្រាលី

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ប្រព័ន្ធការពារទំនើប Rafael ជាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលមួយដែលរដ្ឋជាម្ចាប់បានប្រកាសពីថ្ងៃពុធថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីលក់មីស៊ីលប្រឆាំងរថក្រោះ Spike អេឡិចត្រូអុបទិចគំរូ LR 2 ថ្មីទៅឱ្យយោធាអូស្ត្រាលី ។
Rafael មិនបានបង្ហើបឱ្យដឹងចំនួនពិតប្រាកដនៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែ​គេប៉ាន់ស្មានថា មានតម្លៃរាប់សឹបលានដុល្លារអាមេរិក ។ មីស៊ីល Spike ដែលនាំផ្លូវបានច្បាស់លាស់ដែលជាទូទៅត្រូវបានប្រើប្រាស់ដោយកងកម្លាំងការពារអ៊ីស្រាអែល នឹងយោធាច្រើនដទៃទៀតនៅជុំវិញពិភព​លោកនោះ អាចត្រូវគេបាញ់ចេញពីដី , អាកាស , សមុទ្រ និងកន្លែងកងនាវាចរសម្រាប់រយៈចម្ងាយរហូតដល់ទៅ ៣០គីឡូម៉ែត្រ ។

រហូតមកដល់ពេលនេះ Rafael បានលក់មីស៊ីល Spike ជាង ៣០.០០០គ្រឿងទៅឱ្យប្រទេសចំនួន៣០ ។ប្រទេសអូស្ត្រាលី គឺជាប្រទេសទី២ បន្ទាប់ពីអ៊ីស្រាអែលខ្លួនឯងបានទិញគំរូថ្មីរបស់ Rafael ។

មីស៊ីល Spike LR 2 ថ្មីមានរយៈចម្ងាយបាញ់រហូតដល់ ៥,៥ គីឡូម៉ែត្រ ដោយការបាញ់ពីដី កើនឡើងប្រហែល ៣៥ ភាគរយ​ពីកំណែថ្មីកាលពីមុន ។ រយៈចម្ងាយបាញ់នេះអាចកើនឡើងទៅដល់ ១០ គីឡូម៉ែត្រ ចេញពីឧទ្ធម្ភាគចក្រប្រយុទ្ធមួយ តាមរយៈការប្រើបណ្តាញគមនាគមន៍គ្មានខ្សែ ។

ការលក់មីស៊ីលនេះ គឺជាផ្នែកនៃកិច្ចព្រមព្រៀងភាពជាដៃគូឧស្សាហកម្មមួយ ដែលបានចុះហត្ថលេខារវាង Rafael និងក្រុមហ៊ុនវិស្វកម្ម និង ផលិតកម្ម Varley របស់ប្រទេសអូស្ត្រាលី ដើម្បីបង្កើតខ្សែផលិតកម្មក្នុងការផ្គត់ផ្គង់មីស៊ីល Spike និងប្រព័ន្ធដទៃទៀតទៅឱ្យយោធាអូស្ត្រាលី។

ក្រុមហ៊ុន Rafael ក៏នឹងផ្គត់ផ្គង់ផងដែរដល់យោធាអូស្ត្រាលី នូវប្រព័ន្ធ Wind Coat សម្រាប់ការពារ រថក្រោះ និងរថយន្តយោធាពាសដែក ព្រមទាំងប្រព័ន្ធ Iron Dome ដែលស្ទាក់ចាប់ ព្រមទាំងកម្ទេចរ៉ុក្កែត រយៈចម្ងាយខ្លី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )