ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម ដើម្បីស្វែងរកការបង្កើនមិត្តភាពជាប្រពៃណីជាមួយបណ្តាប្រទេសនៅអាហ្រ្វិក

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ដំណើរទស្សនកិច្ចកម្រិតផ្លូវរដ្ឋរបស់ប្រធានាធិបតីវៀតណាម លោក Tran Dai Quang និងភរិយាទៅកាន់ប្រទេសអេត្យូពី និងអេហ្ស៊ីប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែសីហា ត្រូវបានគេរំពឹងថា នឹងបង្កើនមិត្តភាពជាប្រពៃណីរវាងវៀតណាម និងប្រទេសនៅអាហ្វ្រិកទាំងពីរនេះ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីអេត្យូពី លោក Mulatu Teshome និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi ។ ទំនាក់ទំនងការទូតរវាងវៀតណាម និងអេត្យូពី បានបង្កើតឡើងតាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ១៩៧៦ ហើយទំនាក់ទំនងទ្វេភាគីនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យកសិកម្ម និងកិច្ចសហការផ្សេងទៀតក្នុងវិស័យសេដ្ឋកិច្ច និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា ក៏ដូចជាកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់វៀតណាម និងអេត្យូពី។

ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១១,៣លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០១៧ ដែលក្នុងនោះវៀតណាមបាននាំចេញទំនិញតម្លៃ ២,២លានដុល្លារអាម៉េរិក ដោយភាគច្រើនជាសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលគីមី។

វៀតណាម និងអេហ្ស៊ីបមានទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណី។ អេហ្ស៊ីប គឺជាប្រទេសមួយដំបូងគេក្នុងចំណោមបណ្តាប្រទេសនៅអារ៉ាប់ ដែលមានទំនាក់ទំនងជាមួយវៀតណាម។ ចាប់តាំងពីឆ្នាំ ១៩៥៨ វៀតណាមបានបង្កើតការិយាល័យតំណាងពាណិជ្ជកម្មមួយនៅអេហ្ស៊ីប។ បន្ទាប់មកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ១៩៦៣ វៀតណាម និងអេហ្ស៊ីបបានបង្កើតទំនាក់ទំនងជាផ្លូវការ។ ក្នុងឆ្នាំដដែលនេះ វៀតណាមបានបើកស្ថានទូតរបស់ខ្លួននៅទីក្រុង Cairo ហើយមួយឆ្នាំក្រោយមកនៅក្នុងឆ្នាំ ១៩៦៤ អេហ្ស៊ីបក៏បានបើកស្ថានទូតរបស់ខ្លួននៅទីក្រុងហាណូយ។

នៅក្នុងវិស័យសេដ្ឋកិច្ចអេហ្ស៊ីប គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៥ របស់វៀតណាមនៅទ្វីបអាហ្វ្រិក។ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់តម្លៃប្រមាណ ៣៥០លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៧។ ការនាំចេញរបស់វៀតណាមភាគច្រើនជាផលិតផលជលផល គ្រឿងបន្លាស់រថយន្ត ក្រណាត់ ម្រេចខ្មៅ កាហ្វេ កៅស៊ូ និងទំនិញប្រើប្រាស់ ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )