ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចប្រជុំពិគ្រោះយោបល់វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង

AKP ព្រះសីហនុ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨  –លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានបើកិច្ចប្រជុំពិគ្រោះយោបល់វាយតម្លៃហេតុប៉ពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ ដែលមានទីតាំងនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរបរិស្ថានខេត្តព្រះសីហនុ ។
  

កិច្ចប្រជុំពិគ្រោះយោបល់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមមុនដំបូងនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី មន្ទីរបរិស្ថាន មន្ទីរកសិកម្ម មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់  អង្គភាពពាក់ពន្ធ និងអាជ្ញាធរដែនដី ផងដែរ 
    

លោក ស៊ុន ផានិត តំណាងក្រុមហ៊ុន បៅស៊ីងឡុង អ៊ិនធើណេសិនណល អ៊ីមផត អេនអិច ផត មានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនមានគោលបំណងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រដែលមានភូមិសាស្ត្រនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដី ១៥៤.៤០២ម៉ែត្រក្រឡា និងស្រូបយកកម្លាំងពលកម្មប្រមាណ ១.៨៥០នាក់ ។ 
   

តំណាងក្រុមហ៊ុន រោងចក្រកែច្នៃសារាយសមុទ្រ បានឱ្យដឹងថា យើងមានគម្រោងផលិតសារាយសមុទ្រ ដើម្បីធ្វើកានាំចេញទៅកាន់ទីផ្សារនៃប្រទេសមួយចំនួន មានដូចជា ប្រទេសចិន ថៃ វៀតណាម កូរ៉េ ជប៉ុន ឥណ្ឌា អាម៉េរិក និងសហភាពអឺរ៉ុប ។ យើងនឹងខិតខំធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ការរំខានចេញសំឡេង និងរំញ័រដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញរោងចក្រនេះ ។ ការបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ បានរួមចំណែកកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជនបទ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ 
    

លោក ឈិន សេងងួន បានស្វាគមន៍ក្រុមហ៊ុន ដែលមានគម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវគោរពតាមការណែនាំរបស់មន្ត្រីជំនាញ មានដូចជា បរិស្ថាន ជលផល និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ធនធានសមុទ្រ និងបរិស្ថាន ហើយសង្ឃឹមថា ក្រុមហ៊ុន នឹងគោរពតាមគោលការណ៍បទដ្ឋានបច្ចេកទេសក្នុងការសាងសង់រោងចក្រកែច្នៃសារាយ    សមុទ្រ ទៅតាមបទដ្ឋានបច្ចេកទេស ដោយមានអាងប្រព្រឹត្តិកម្មទឹកកខ្វក់បង្ហូរចេញពីរោងចក្រ បង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

 

ដោយ ងូ សុមុនី