ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យប្រជាសហគមន៍ការពារ និងអភិរក្សធនធានធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ –ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាសហគមន៍ ការពារ និង អភិរក្សធនធានធម្មជាតិ ក្នុងឱកាសពិធីដាំកូនឈើព្រៃចំនួន ៣ម៉ឺនដើម នៅសហគមន៍តំបន់ការពារធម្មជាតិក្រាំងរងៀង និងចែកជូនកូនឈើហូបផ្លែដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១១ ស្ថិតក្នុងស្រុកវាលវែង នៃដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ។

ឯកឧត្ដម សាយ សំអាល់ ក៏បានជួបជាមួយប្រជាសហគមន៍ អ្នកគ្រូលោកគ្រូ និងសិស្សានុសិស្ស ដោយបានលើកឡើងលើការពង្រឹងតួនាទីសមត្ថកិច្ចតំបន់ការពារធម្មជាតិ ការចូលរួមរបស់សហគមន៍តំបន់ការពារធនធានធម្មជាតិ ការអប់រំបណ្តុះបណ្តាលកសាង សមត្ថភាព និងជំនាញវិជ្ជាជីវៈ ការបង្កើនមុខរបរកសិកម្មជូនប្រជាសហគមន៍ និងការអភិ   វឌ្ឍទេសចរណ៍ធម្មជាតិ។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពទាំងនេះចូលរួមលើកកម្ពស់សមត្ថភាព ពង្រឹងតួនាទី និងជំរុញការចូលរួមរបស់សហគមន៍ ក្នុងការការពារធនធានធម្មជាតិ ក៏ដូចជាបង្កើតឱកាសការងារជូនសហគមន៍ និងប្រែក្លាយជីវភាពសហគមន៍ឱ្យមានភាពអាស្រ័យយ៉ាងផ្ទាល់ទៅនឹងការចិញ្ចឹមសត្វ ការធ្វើដំណាំកសិកម្ម និងសេវាកម្មទេសចរ ណ៍ធម្មជាតិ ដែលមានផ្ទុកនូវតម្លៃអត្តសញ្ញាណ និងវប្បធម៌របស់សហគមន៍នីមួយៗ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការចងក្រងបង្កើតសម្ព័ន្ធ សហភាពសហគមន៍អភិរក្សធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបានផ្តួចផ្តើមឡើងជំរុញឱ្យប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ មានកិច្ចសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាពិសេសជាមួយក្រសួងបរិស្ថាន ដើម្បីឧត្តមប្រយោជន៍ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ជាពិសេសកសាងបំនិនជីវិត ដោយប្រែក្លាយពីការពឹងផ្អែកលើព្រៃឈើ។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា សម្ព័ន្ធសហភាព សហគមន៍អភិរក្សធនធានធម្មជាតិ គឺជាការផ្លាស់ប្តូរយោបល់នូវអ្វីដែលជាភាពអសកម្ម និងអវិជ្ជមាន ហើយរកដំណោះស្រាយដើម្បីធ្វើយ៉ាងណាឱ្យមានភាពប្រសិទ្ធភាព ក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសធ្វើឱ្យជីវភាពបងប្អូនប្រជាសហគមន៍កាន់តែប្រសើរឡើង ចៀសវាងការកាប់បំផ្លាញព្រៃឈើ និងចាប់សត្វព្រៃខុសច្បាប់៕

ដោយ ពេជ្រ ណារិទ្ធ