ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ថៃបង្ហាញបំណងផ្តល់បច្ចេកទេសប្រព័ន្ធចម្រោះទឹកសម្អុយតាមគោលការណ៍ធម្មជាតិដល់កម្ពុជា

វិទ្យុជាតិកម្ពុជា៖ដោយលោក ហុកសុខរិន

ប្រទេសថៃ៖គម្រោងសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បរិស្ថានរបស់ព្រះរាជាថៃ ចង់ជួយផ្តល់បច្ចេកទេសប្រព័ន្ធចម្រោះទឹកសម្អុយតាមរយៈគោលការណ៍ធម្មជាតិអោយបានស្អាតមុនបង្ហូរចូលទៅក្នុងទន្លេស្ទឹងបឹងបួរនិងសមុទ្រនៅកម្ពុជា ដើម្បីកាត់បន្ថយការបំពុលបរិស្ថាននៅក្នុងទឹកបង្កមហន្តរាយដល់ធនធានមច្ឆជាតិ។

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បរិស្ថានលែមផាត់បៀ ស្ថិតនៅក្នុងខេត្តពេជ្របូរី ប្រទេសសថៃបានអោយដឹងថា គម្រោងចងបង្កើតកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចចែករំលែកបច្ចេកទេសប្រព័ន្ធចម្រោះទឹកសម្អុយតាមគោលការណ៍ធម្មជាតិនេះនៅក្នុងតំបន់ទីក្រុងណាមួយរបស់កម្ពុជា ពិសេសតំបន់នៅជាប់បឹងទន្លេសាប។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា លោកកាសេម ចាន់កែវ អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បរិស្ថានលែមផាត់បៀ ស្ថិតនៅក្នុងខេត្តពេជ្របូរី ប្រទេសសថៃបានអោយដឹងថា គម្រោងចង់ជួយផ្តល់បច្ចេកទេសប្រព័ន្ធចម្រោះទឹកសម្អុយតាមគោលការណ៍ធម្មជាតិដល់កម្ពុជានេះ គឺធ្វើឡើងស្របតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រថៃរជ្ជការទី៩ ដើម្បីជួយកែលម្អគុណភាពអនាម័យបរិស្ថាន និងលើកស្ទួយសុខភាពប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា បច្ចេកទេសប្រព័ន្ធចម្រោះទឹកសម្អុយតាមគោលការណ៍ធម្មជាតិគឺចំណាយដើមទុនតិចហើយមានភាពចំណេញច្រើន តាមរយៈការអនុវត្ត៣សំខាន់ គឺបង្កើតបំពងបង្ហូទឹកសម្អុយ ការប្រើប្រាស់បច្ចេកទេសងាយៗដែលចំណាយតិច ។

លោកបានបញ្ជាក់ថា ការបង្កើតគម្រោងបច្ចេកទេសប្រព័ន្ធចម្រោះទឹកសម្អុយតាមគោលការណ៍ធម្មជាតិ ត្រូវបានសិក្សាឡើងដោយព្រះរាជតម្រិះរបស់ព្រះរាជាថៃរជ្ជការទី៩ បន្ទាប់ពីមើលឃើញការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរនៅក្រុងទីក្រុងពេជ្របូរីតាមរយះការបង្ហូរទឹកសម្អុយដោយផ្ទាល់ចូលទៅក្នុងទន្លេនិងសមុទ្រធ្វើអោយទឹកទាំងនោះស្អុយមានជាតិពុល សត្វក្នុងទឹកមិនអាចរស់នៅបានហើយប្រជានេសាទបាត់បង់ចំណូលគ្រួសារជាដើម។

លោកបញ្ជាក់ថា បន្ទាន់ពីបានអភិវឌ្ឍន៍គម្រោងនេះតាំងពីឆ្នាំ១៩៩០មក បានប្រែក្លាយតំបន់នេះមានបរិស្ថានស្រស់ស្អាតឡើងវិញ គ្មានទឹកស្អុយ សម្បូរធនធានជីវចម្រុះក្នុងសមុទ្ទដែលធ្វើអោយប្រជានេសាទអាចរកប្រាក់ចំណូលក្នុងមួយឆ្នាំៗជាមធ្យមជាង១២០លានបាត ខណះដែលគម្រោងទាំងមូលបានចំណាយការស្ថាបនាជាង៤៥០បាត។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះគម្រោងបច្ចេកទេសប្រព័ន្ធចម្រោះទឹកសម្អុយតាមគោលការណ៍ធម្មជាតិត្រូវបានអនុវត្តនៅតំបន់មួយចំនួនក្នុងប្រទេសថៃ ហើយនឹងប្ទេសឡាវ រួមជាមួយនឹងបណ្តាប្រទេសជាច្រើននៅលើពិភពលោកបានចុះមកសិក្សាពីគម្រោងដ៏មានសារៈសំខាន់នេះ៕