ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុនដីធ្លីដ៏ធំរបស់អាម៉េរិក ដាក់ការជឿជាក់ខ្លាំងលើវិស័យដីធ្លីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — អ្នកជំនាញថាផ្នែកដីធ្លីបានអះអាងថា ក្រុមហ៊ុនដីធ្លីដ៏ធំរបស់អាម៉េរិក Keller Williams Realty បានដាក់ការជឿជាក់ជាខ្លាំង លើវិស័យដីធ្លីកម្ពុជា ថានឹងមានការរីក ចម្រើនមួយកម្រិតទៀត នាពេលអនាគត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីត្រឡប់មកពីចូលរួមទស្សនកិច្ចក្នុងការធ្វើអាជីវកម្មដីធ្លី នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអេស្ទេតបានបញ្ជាក់ថា រយៈ ពេលប៉ុន្មានខែ ក្រោយលោកបានចុះហត្ថលេខាទិញ Master Franchise ពី Keller Williams Realty អាម៉េរិកមួយនេះ បានចែករំលែក និងយកចិត្តទុកដាក់ ចំពោះវិស័យដីធ្លីកម្ពុជា ជាក់ស្ដែងក្នុងដំណើរទស្សនកិច្ចសិក្សាជាមួយកម្មវិធី MEGA CAMP 2018 ខាងលើ ក្រុមការងារ Keller Williams Cambodian បានទទួលចំណេះដឹងថ្មីៗជាច្រើន ពីក្រុមហ៊ុន អាម៉េរិកខាងលើ និងក្រុមហ៊ុនសមាជិក ផ្សេងៗទៀត ។ លោកបញ្ជាក់ថា «Keller Williams អាម៉េរិក មានការរំពឹងខ្ពស់ណាស់ ចំពោះ Keller Williams កម្ពុជា ព្រោះមុនគេផ្ដល់អាជ្ញាប័ណ្ណ ដល់យើង គេបានសិក្សាពីយើងប្រហែល ៣ឆ្នាំមកហើយ ហើយគេមានការរំពឹងថា វត្តមានរបស់ Keller Williams នៅទីនេះ នឹងផ្ដល់ការ ធ្វើអាជីវកម្មដី ធ្លីកម្រិតមួយខ្ពស់ជាង ពេលបច្ចុប្បន្នបន្ថែមទៀត ពីព្រោះក្នុង Keller Williams អ្វីក៏ច្បាប់ដែរ គេធ្វើតាមច្បាប់ អ្វីក៏ស្ដង់ដារដែរ»។

លោកបានបន្ថែមថា នេះគឺជាសញ្ញាណវិជ្ជមានដ៏ល្អ ដើម្បីរឹតចំណង មិត្តភាពលើអាជីវកម្មដីធ្លី រវាងកម្ពុជា និងប្រទេសផ្សេងៗ តាមរយៈគ្រួសាររបស់ Keller Williams Realty ។ ទន្ទឹមនេះ កត្ដាធ្វើឱ្យថ្នាក់ដឹកនាំ Keller Williams អាម៉េរិក ជឿជាក់ និងផ្ដល់អាជ្ញាប័ណ្ណដល់កម្ពុជា គឺមានច្រើន ពិសេសការអភិវឌ្ឍ និងភ្នាក់ងារវ័យក្មេងរបស់កម្ពុជា ដែលពួកគេបានចាត់ទុក ជាកម្ពុជាជំនាន់ថ្មី។ លោកបានសង្កត់ធ្ងន់ទៀតថា « Keller Williams អាម៉េរិកមានជំនឿចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា១០០ភាគរយ និងភាពរឹងមាំកម្ពុជា ១០០ភាគរយ ។ គេដឹងថា កម្ពុជាកំពុងរីកចម្រើន ដល់កម្រិតមួយ ដែលអាចទុកចិត្តបាន គេដឹងថា ក្រុមការងារ KW កម្ពុជា គឺជាក្រុមមានទស្សនវិស័យវែងឆ្ងាយ គេទុកចិត្ត និងជឿជាក់កម្ពុជា អាចធ្វើបាន ចឹងគេរីក រាយជួយយើងគ្រប់ពេលទាក់ទងនឹងវិស័យដីធ្លី ហើយគេមើលឃើញវែងឆ្ងាយ គេមិនមែនមើលឃើញ១ ឬ២ថ្ងៃនោះទេ» ។

ដោយឡែកជុំវិញបេសកកម្មចូលរួមកម្មវិធី MEGA CAMP 2018 ជាង១សប្ដាហ៍នៅសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំក្រុមហ៊ុន Keller Williams Cambodia សុទ្ធតែបានសម្ដែងនូវការពេញចិត្ត ក្រោយបានឈ្វេងយល់ពីបរិបទថ្មី ក្នុងការធ្វើអាជីវកម្មដីធ្លី ដើម្បីឆ្ពោះទៅរកភាព ជោគជ័យជាមួយបណ្ដាថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើន តាមរយៈកម្មវិធី របស់ក្រុមហ៊ុន Keller Williams Realty ហើយថ្នាក់ដឹកនាំរំពឹងថា នឹងនាំយកចំណេះដឹងទាំង នោះមកផ្សព្វផ្សាយ និងចែករំលែកនៅកម្ពុជា ដើម្បីរួមចំណែកការអភិវឌ្ឍ វិស័យដីធ្លីកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕

ដោយ ម៉ៅ ចរិយា