ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អនុរដ្ឋមន្រ្ដីការបរទេសអង់គ្លេស៖ អង់គ្លេសនឹងខិតខំពង្រឹងកិច្ចសហប្រិតបត្តិការជា មួយកម្ពុជាបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តម ម៉ាក ហ្វីល អនុរដ្ឋមន្ត្រីការបរទេស អង់គ្លេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា អង់គ្លេសនឹងខិតខំពង្រឹងកិច្ច សហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត បើទោះបីជាអង់គ្លេសបានបញ្ចេញប្រតិកម្មមួយចំនួនយ៉ាងណាក្ដី ជុំវិញស្ថានភាពនយោបាយ នៅកម្ពុជាក្រោយការបោះឆ្នោតជាតិកាល ពីថ្ងៃទី ២៩ កក្កដាកន្លងទៅ នេះក៏ដោយ។
ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ាក ហ្វីល បានគូស បញ្ជាក់ថា អង់គ្លេសបន្តមើលឆ្ពោះទៅអនាគតចំពោះទំនាក់ទំនងរវាងអង់គ្លេស និងកម្ពុជា ហើយខិតខំពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ ទន្ទឹមនេះ ក៏បន្ដការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ដែលរួមមានកម្ពុជា ផងដែរ។

ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានអរគុណចំពោះការគិតគូរបស់អង់ គ្លេសក្នុង ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយសម្តេចសង្ឃឹមថា កម្ពុជា និងអង់គ្លេស នឹងខិតខំប្រឹងប្រែងក្នុងការធ្វើការងារជាមួយគ្នាបន្ថែមលើវិស័យផ្សេងៗជាច្រើន។

សម្ដេចក្រឡាហោមបានបន្ដថា ជាក់ស្តែងការសន្យារបស់ភាគីអង់គ្លេសក្នុងការបន្ថែម ការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅអង់គ្លេស ដែលនេះគឺជាការរួម ចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ម៉ាក ហ្វីល អនុរដ្ឋមន្ត្រីការបរទេស អង់គ្លេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក នៅកម្ពុជានេះ គឺបានជួបនឹងមន្រ្តីជាន់ខ្ពស់កម្ពុជា ជាច្រើនរូប ក្នុងនោះរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាផងដែរ៕

ដោយ ចាន់ សុធីវង្ស