ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កសិដ្ឋានកម្សាន្តចម្ការផ្លែឈើថៃ ផ្តល់ឱកាសការងារច្រើនដល់ពលករខ្មែរផ្នែកកសិកម្ម និងសេវាទេសចរណ៍

AKP រ៉ាក់យ៉ង, ប្រទេសថៃ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ — កសិដ្ឋានកម្សាន្តចម្ការផ្លែឈើថៃឈ្មោះ Suphattraland Rayong ស្ថិតនៅភូមិ Tambol Nong La Lok ស្រុក Bankai ខេត្ត Rayong បានផ្តល់ឱកាសការងារច្រើនដល់ពលករខ្មែរផ្នែក កសិកម្ម និងសេវាទេសចរណ៍។

លោក Chotchai Buadit អ្នកគ្រប់គ្រងទូទៅ នៃកសិដ្ឋានកម្សាន្តចម្ការផ្លែឈើ Suphattraland Rayong បានប្រាប់ទីភ្នាក់សារព័ត៌មនកម្ពុជាឱ្យដឹងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះថា បច្ចុប្បន្ននេះនៅក្នុងចំការបស់លោកមានពលករខ្មែរចំនួន១៥០នាក់កំពុងធ្វើការងារផ្នែកថែទាំដំណាំហូបផ្លែ មានធុរេន សាវម៉ាវ មៀន មង្ឃុត ខ្នុរ ល្ហុង និងឈើហូបមួយចំនួនទៀត​សរុបទាំងអស់២៥ប្រភេទ។ លោកបានបន្ដថា ពលករខ្មែរដែលធ្វើនៅក្នុងចម្ការរបស់លោក មានអ្នកខ្លះមកធ្វើការជិត១០ឆ្នាំហើយ និងខ្លះទៀតទើបនឹងជ្រើសរើសចូលថ្មីដោយ បំពេញ ការងារផ្សេងៗពីគ្នាដោយមួយចំនួនថែទាំដើមឈើ និងមួយចំនួនទៀតបើកបររថយន្តដឹក ភ្ញៀវកម្សាន្តផ្លែឈើក្នុងចម្ការ និងខ្លះទៀតជាអ្នករៀបចំប៊ូហ្វេផ្លែឈើ និងបុកល្ហុងទទួលភ្ញៀវ ទេសចរដែលជិះរថយន្តទស្សនាក្នុងចម្ការផ្លែឈើដែលមានទំហំ១៣២ហិកតា។

លោក ឈួន នីដា ពលករខ្មែរមកពីខេត្តកំពង់ស្ពឺបានឱ្យដឹងថា លោកបានមកធ្វើការ ក្នុងចម្ការនេះ រយៈពេល៧ឆ្នាំហើយទទួលបានប្រាក់ខែជិត១២.០០០បាត ដោយធ្វើជាអ្នកដឹក ភ្ញៀវទេសចរទស្សនាផ្លែឈើផង ធ្វើជាមគ្គុទេសក៍ប្រាប់ភ្ញៀវផង។ ចំណែកអ្នកស្រី ឡាយ ចន្ទ អ្នករៀបប៊ូហ្វេផ្លែឈើទទួលភ្ញៀវទេសចរបានឱ្យដឹងថា ពលករធ្វើការនៅក្នុងកសិដ្ឋានកម្សាន្ត ចម្ការផ្លែឈើនេះគឺថៃផ្តល់កន្លែងស្នាក់នៅសេវាដឹកជញ្ជូនពលករទៅមកពីកន្លែងស្នាក់នៅមកដល់កន្លែងធ្វើការវិញជារៀងរាល់ថ្ងៃ។ អ្នកស្រីថា មានពលករខ្លះមកធ្វើការនៅទីនោះទាំង ប្តីទាំងប្រពន្ធតែម្តងដោយធ្វើការជាច្រើនឆ្នាំមកហើយ។

លោក Chotchai Buadit អ្នកគ្រប់គ្រងទូទៅ នៃកសិដ្ឋានកម្សាន្តចម្ការផ្លែឈើ Suphattraland Rayongបានសម្ដែងការពេញចិត្តចំពោះពលករខ្មែរ និងបានចាត់ទុកពួកគេ ដូចជាបងប្អូនផងដែរ។ លោកបានបន្ដថា ពលករខ្មែរម្នាក់ៗបំពេញការងារបានល្អណាស់។

សូមបញ្ជក់ថា កសិដ្ឋានកម្សាន្តចម្ការផ្លែឈើ Suphattraland Rayong មានសេវា សម្រាប់ភ្ញៀវទេសចរដូចជា មគ្គុទេ្ទសន៍អធិប្បាយប្រាប់ភ្ញៀវ រថយន្តដឹកភ្ញៀវ សេវាកម្មប៊ូហ្វេ ផ្លែឈើ ញ៉ាំផ្លែឈើស្រស់ៗ ញ៉ាំបុកល្ហុង និងសិក្សាពីរបៀបចិញ្ចឹមឃ្មុំ ក្នុងចម្ការផ្លែឈើ ដោយ គ្រាន់តែចំណាយ៥០០បាតសម្រាប់ភ្ញៀវទេសចរម្នាក់បង់ថ្លៃចូលទស្ស នានិងសេវាកម្មទាំង អស់នេះ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា