ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃព្រមានចាត់វិធានការចំពោះមន្រ្តីពន្លត់អគ្គិភ័យណា ដែលមានទម្លាប់ដាក់លក្ខខណ្ឌមុនជួយសង្រ្គោះ

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានមន្រ្តីពន្លត់អគ្គិភ័យណា ដែលមានទម្លាប់ដាក់លក្ខខណ្ឌមុនជួយសង្រ្គោះ ដើម្បីចៀសវាងការរិះគន់របស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន៨៧គ្រឿង ដល់ស្នងការរាជធានី ខេត្ត កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មន្រ្តីពន្លត់អគ្គិភ័យត្រូវប្រកាន់នូវវិជ្ជាជីវៈជាមន្រ្តីនគរបាល ក្នុងបំពេញ ការងារ ដោយជៀសវាងដាច់ខាតការដាក់លក្ខខណ្ឌទារប្រាក់កាសជាថ្នូរនឹងការងារ ជួយបាញ់ ទឹកពន្លត់អគ្គិភ័យនោះទេ។

សម្តេចក្រឡាហោមបន្តថា មន្រ្តីនគរបាលដែលមានវិជ្ជាជីវៈត្រឹម ត្រូវ គឺមិនត្រូវធ្វើសកម្មភាពបែបនេះនោះទេ ដោយត្រូវគិតពីប្រយោជន៍ប្រជាពលរដ្ឋ ជាអាទិភាពជាមុនសិន។ ដោយឡែក ការផ្តល់ជារង្វាន់ជាការលើកទឹកចិត្តពីសំណាក់ប្រជា ពលរដ្ឋ គឺជារឿងមួយផ្សេងទៀត។

សម្ដេចក្រឡាហោមបានបន្ថែមថា ចំពោះអង្គភាពនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងស្ថានីយរថយន្ដពន្លត់អគ្គិភ័យ ត្រូវមានកម្លាំងប្រចាំការ២៤ លើ២៤ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្ដ និងឧបករណ៍ សម្ភារ ដើម្បីចេញអន្ដរាគមន៍ពន្លត់អគ្គិភ័យបានទាន់ពេលវេលា ហើយត្រូវផ្សព្វផ្សាយជា សាធារណៈនូវលេខទូរសព្ទប្រចាំការ ដើម្បីប្រជាពលរដ្ឋបានដឹង និងហៅរកពេលមាន គ្រោះអគ្គិភ័យកើតឡើង។

សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើតក្រុមការងារចម្រុះ ដើម្បីចុះត្រួតពិនិត្យតាមរោងចក្រ សហ គ្រាស សិប្បកម្ម គ្រឹះស្ថានសាធារណៈ និងសំណងធំៗ ដើម្បីជំរុញឱ្យបំពាក់បានគ្រប់គ្រាន់ នូវប្រព័ន្ធសុវត្ថិភាព បង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ៕

ដោយ ចាន់ សុធីវង្ស