ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍ ជំរុញឱ្យមានការបង្កើតបរិមាណជំនាញមគ្គុទ្ទេសក៍ទេសចរណ៍  ឱ្យបានច្រើនបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — ក្រសួងទេសចរណ៍ ជំរុញឱ្យមានការបង្កើនបរិមាណជំនាញមគ្គុទេ្ទសក៍ទេសចរណ៍ កាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរនៅឆ្នាំ២០២៥។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមគ្គុទេ្ទសក៍ទេសចរណ៍ជាតិជំនាន់ទី៣ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមាន ប្រសាសន៍ថា ការជំរុញបន្ថែមនេះ គឺដើម្បីត្រៀមឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ដែល នឹងកើនឡើងរហូតដល់១០លាននាក់នៅឆ្នាំ២០២៥ ដែលនឹងអាចបង្កើតការងារផ្ទាល់ ប្រមាណ១.២លាននាក់ សម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។

ឯកឧត្តមបន្តថា គិតមកទល់បច្ចុប្បន្ន កម្ពុជាមានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ដោយផ្ទាល់ ប្រមាណ៦២ម៉ឺននាក់ ដោយក្នុងនោះមគ្គុទ្ទេសក៍ទេសចរណ៍ មានប្រមាណ៥.០០០នាក់ ដែលមិនទាន់ឆ្លើយតបនៅឡើយទៅនឹងកំណើនភ្ញៀវទេសចរ។

ឯកឧត្តមបានបន្ដទៀតថា ដើម្បីបង្កើនចំនួនមគ្គុទ្ទេសក៍ ទេសចរណ៍បន្ថែមក្នុងវិស័យទេសចរណ៍ ក្រសួង បានជំរុញឱ្យ គ្រប់ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន សាលាបណ្ដុះបណ្ដាល អង្គការជាតិ និងអន្តរជាតិនានា ត្រូវដាក់បញ្ជូលកម្មវិធីសិក្សាជំនាញទេសចរណ៍ក្នុងកម្មវិធីសិក្សា ថ្នាក់មហាវិទ្យាល័យ ដើម្បីឱ្យ និស្សិត បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលត្រឹមត្រូវ មុនក្លាយជាអ្នក នាំភ្ញៀវទេសចរផ្លូវការ។

លោក បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានលើកឡើងថា មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៣៩នាក់ ដែលត្រូវបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលពីសាកលវិទ្យា ល័យមេគង្គកម្ពុជា នឹងអាចចូលរួមចំណែកជួយបម្រើការងារនៅក្នុងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែល មគ្គុទ្ទេសក៍ទេសចរណ៍ កំពុងមានតម្រូវការខ្ពស់។

គួរបញ្ជាក់ថា រយៈពេល ៦ខែដើម ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវ ទេសចរ អន្តរជាតិ ប្រមាណ ៣លាននាក់ កើនឡើង ១៣ភាគរយ ហើយជាការរំពឹងទុក ពេញមួយឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ៦.២ លាននាក់។ ជាចក្ខុវិស័យនៅឆ្នាំ ២០២០ កម្ពុជារំពឹង ទទួលបានទេសចរ អន្តរជាតិប្រមាណជាង ៧លាននាក់ ដែលនឹងបង្កើតការងារផ្ទាល់ប្រមាណ ១លាននាក់ និងចំណូលចូលជាតិប្រមាណ ៥.០០០លានដុល្លារអាម៉េរិក ក្នុងនោះតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍មានប្រមាណជាង ១ម៉ឺននាក់ផងដែរ៕

ដោយ ម៉ៅ ចរិយា