ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹត្តិការណ៍កីឡាបាល់ទាត់ដណ្តើមពានរង្វាន់ព្រៃទារដូវកាលទី២ ឆ្នាំ២០១៨ បញ្ចប់ដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ព្រៃទា រដូវកាលទី២ ឆ្នាំ២០១៨ នៅទីលាន នៃមូលដ្ឋានកងការពារអាកាស រាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ក្រោយពី គណៈកម្មការបច្ចេកទេស សម្រិតសម្រាំងបានម្ចាស់ជ័យលាភី នៅវគ្គផ្តាច់ព្រ័ត្រ រួចរាល់ ហើយនោះ។
ថ្លែងនៅក្នុងពិធីបិទការប្រកួត ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការដ្ឋានការពារអាកាសបានបញ្ជាក់ថា ឯកឧត្តមពិតជារីករាយ ចំពោះការខិតខំរបស់ លោក ម៉ៅ ចាន់សុខជា រួមទាំងក្រុមកីឡាករទាំង៨ក្រុម ដែលបានខិតខំប្រកួត និងជួយជ្រោមជ្រែងធ្វើឱ្យការប្រកួតនេះ បញ្ចប់ដោយផ្លែផ្កា។ ឯកឧត្តមបន្ថែម ទៀតថា តាមរយៈព្រឹត្តិការណ៍នេះបានបង្ហាញពីការស្រឡាញ់ កីឡាបាល់ទាត់របស់គ្រប់ សមាសភាពពាក់ព័ន្ធ ក្នុងការលើកកម្ពស់តម្លៃនៃសុខភាព មិត្តភាព និងសាមគ្គីភាពឱ្យកាន់តែ ល្អប្រសើរបន្ថែមទៀត ហើយឯកឧត្តមរំពឹងថា ព្រឹត្តិការណ៍លើកក្រោយៗទៀត នឹងទទួលបាន ការទាក់ទាញកាន់តែខ្លាំងឡើងៗ។

លោក ម៉ៅ ចាន់សុខជា ប្រធានគ្រប់គ្រងទីលានបាល់ទាត់ព្រៃទាបានឱ្យដឹងថា ការ ប្រកួតនេះមានក្រុម ចូលរួមចំនួន៨ ដោយបានចំណាយពេលប្រកួតអស់រយៈពេល៧សប្តាហ៍ ដែលបានប្រកួតសន្សំពិន្ទុវិលជុំ ស្មើនឹង២៨ប្រកួត ហើយ៤ក្រុមដែលមានពិន្ទុខ្ពស់ៗជាងគេត្រូវ ប្រកួតខ្វែងដណ្តើមចំណាត់លេខ៣ និងលេខ១។ សម្រាប់លទ្ធផលជ័យលាភី ចំណាត់ថ្នាក់ លេខ៣បានទៅលើក្រុមយុវជនព្រៃទា ក្រោយពីបានយកឈ្នះក្រុម Cambo Hand Some FC ដោយលទ្ធផល ៦-២។ ចំពោះចំណាត់ថ្នាក់លេខ១បានទៅលើក្រុម FWL FC ដែល ទទួល បានមេដាយមាស ពានរង្វាន់១ អមដោយថវិកាលើកទឹកចិត្តមួយចំនួន បន្ទាប់ពីបានយកឈ្នះ ក្រុម HL FC នៅក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ក្រុមជ័យលាភីទាំងអស់រួមទាំងជ័យលាភីកីឡាស៊ុតបញ្ចូលទីច្រើនជាងគេ ក្រុមលេង ដោយយុត្តិធម៌សុទ្ធតែទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត និងសម្ភារៈកីឡាមួយ ចំនួន ដែលចូលរួមឧបត្ថម្ភគាំទ្រ ជាថវិកាពីក្រុមហ៊ុន Khmer Real Estate និងដៃគូមួយចំនួន ទៀត ដើម្បីជួយជ្រោមជ្រែងធ្វើឱ្យព្រឹត្តិការណ៍ កីឡាបាល់ទាត់មួយនេះបានបញ្ចប់ ដោយភាព ជោគជ័យ៕

ដោយ ហេង ណាលីន