ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៖ កម្ពុជានៅមានសង្ឃឹម ក្នុងការរកមេដាយលើ៣ប្រភេទកីឡា

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — នាយបេសកកម្មកីឡាអាស៊ីរបស់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៨នេះថា ក្រោយពីក្តីរំពឹងលើកីឡាការិនីម្ចាស់មេដាយមាសអាស៊ី ឆ្នាំ២០១៤ ស៊ន សៀវ ម៉ី ត្រូវបានបញ្ចប់ យើងនៅមាន៣ប្រភេទកីឡាទៀត ដែលជាក្តីសង្ឃឹមរបស់ កម្ពុជានៅឡើយ ដែលនឹងត្រូវ ដំណើរការប្រកួតពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨តទៅ។
នាយបេសកកម្មរូបនេះបញ្ជាក់ថា ៣ប្រភេទកីឡា ដែលនៅតែជាក្តីសង្ឃឹមក្នុងការប្រជែង មេដាយនោះ គឺ ប្រភេទកីឡាម៉ូតូទឹកនឹងត្រូវប្រកួត នៅថ្ងៃទី២៣ សីហា ស្អែកនេះ ដោយកីឡាករកម្ពុជា សាលី អ៊ូមើត ប្រកួតនា ពេលព្រឹក លើវិញ្ញាសា Runabout 1110 Stok និងកីឡាករ ម៉ឺន មូសស្ដាន ប្រកួតនា ពេលល្ងាច លើវិញ្ញាសា Ski Modified។
ចំពោះប្រភេទកីឡាជឺជីតស៊ូ បានបញ្ជូនចូលរួម២នាក់ គឺកីឡាការិនីខ្មែរ-អាម៉េរិក ខាន់ ចេសា និងកីឡា ករខ្មែរ-បារាំង ខូវ វិបត្តិថានា ដែលត្រូវប្រកួតនាថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែសីហា។

កីឡាករទាំងពីរនេះសុទ្ធតែ មានបទពិសោធន៍ និងជោគជ័យយ៉ាងច្រើនពីការប្រកួត លក្ខណៈអន្ដរជាតិ និងពិភពលោក នាពេលកន្លងមក។ ឯកឧត្តមបានបង្ហាញនូវក្តីរំពឹងខ្ពស់ ចំពោះកីឡាការិនី ខាន់ ចេសា ដែលមានគុណភាពកម្លាំង និងបច្ចេកទេសល្អ ដែលឯកឧត្តម រំពឹងថា កីឡាការិនីកូនកាត់នេះនឹងធ្វើបានល្អ និងឈានទៅរកមេដាយជាក់ជាមិនខាន។

លោក ខូវ វិបត្តិថានា ប្រធានសហព័ន្ធកីឡាជឺជីតស៊ូ និងជាកីឡាករ ដែលត្រូវចូលរួមក្នុង កីឡាអាស៊ី លើកនេះបានអះអាងពេលនៅកម្ពុជាថា នៅក្នុងការប្រកួតក្រោមទម្ងន់ ៥០គីឡូ ក្រាម កីឡាការិនី ចេសា ដឹងតែ ពីឈ្នះមេដាយមាសហើយ ពីព្រោះលោកជឿជាក់យ៉ាង មុតមាំថា កីឡាការិនីរូបនេះខ្លាំងណាស់ ហើយលើវិញ្ញា សាក្រោម ៥០គីឡូក្រាមនេះមាន កីឡាការិនីចូលរួមប្រកួតប្រហែល១០នាក់ប៉ុណ្ណោះ ហើយ ចេសា ធ្លាប់ដណ្តើម បានជ័យលាភី ជាច្រើន ទាំងនៅអាម៉េរិក ជប៉ុន…ជាដើម។

រីឯប្រភេទកីឡាសូហ្វតេន្នីស គឺជាកីឡាថ្មីថ្មោងរបស់កម្ពុជា ប៉ុន្តែកីឡានេះកំពុងមានសក្តានុ ពលខ្លាំងដែរ ដែលធ្លាប់បានជោគជ័យពីលើឆាកអន្តរជាតិជាបន្តបន្ទាប់ ដោយបច្ចុប្បន្នសូហ្វ តេន្នីសកម្ពុជាកំពុងក្តោបក្តាប់ ចំណាត់ថ្នាក់លេខ៩ លើពិភពលោក ក្នុងចំណោមបណ្តា ប្រទេសចំនួន៤៥ ដែលមានប្រភេទកីឡានេះ។ សូហ្វតេ ន្នីសបានបញ្ជូនកីឡាករ៥នាក់ និងកីឡាការិនី២នាក់ទៅចូលរួមប្រកួត។

គួរបញ្ជាក់ថា បេសកកម្មរបស់កម្ពុជានៅក្នុងព្រឹត្តិការណ៍ទី្វបអាស៊ីរៀងរាល់៤ឆ្នាំម្តងនេះ គឺកម្ពុជាបញ្ជូន ១៣ប្រភេទកីឡា ប៉ុន្តែប្រភេទកីឡាមួយចំនួនបានប្រកួតចាញ់ និងធ្លាក់ជាបន្ត បន្ទាប់ ខណៈប្រភេទកីឡាការ៉ា តេដូ យូដូ ទូកក្ដោង ទូក កានូ និងអត្តពលកម្ម គ្រោងនឹង ប្រកួតចាប់ពីថ្ងៃទី២២ ខែសីហា នេះតទៅ៕

 

ដោយ ហេង ណាលីន