ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តសៀមរាប ត្រៀមខ្លួនជានិច្ចសម្រាប់ឆ្លើយតបទៅនឹង ផលប៉ះពាល់នៃគ្រោះមហន្តរាយផ្សេងៗដែលកើតមាននៅក្នុងខេត្ត

AKP សៀមរាប ថ្ងៃទី២២ ខែសីហា ឆ្នំា២០១៨
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយរយៈពេល៧ខែដើម ឆ្នាំ២០១៨ និង ទិសដៅសម្រាប់អនុវត្តន៍បន្តនៅសាលាខេត្តសៀមរាបនៅព្រឹកថ្ងៃ២២ ខែសីហា ឆ្នំា២០១៨នេះ លោក ពិន ប្រាកដ អភិបាលរងអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា នៅក្នុងរយៈពេល ៧ខែដើម ឆ្នាំ២០១៨នេះ នៅខេត្តសៀមរាបមិនទាន់មានគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងកើតមានដូចតាមបណ្តាខេត្តមួយចំនួននោះទេ។ ប៉ុន្តែខេត្តសៀមរាបបានរង គ្រោះមហន្តរាយដោយសារខ្យល់កន្ទ្រាក់ អគ្គិសនីឆក់ និងករណីរន្ទះបាញ់ជាដើម។
លោកបន្តថា គ្រោះមហន្តរាយទាំងនោះបានធ្វើឱ្យរលំផ្ទះ៤៧ខ្នង របើកដំបូល៩២ខ្នង មនុស្សរងរបួស៣នាក់ ស្លាប់មនុស្សម្នាក់ដោយអគ្គិសនីឆក់១នាក់ ព្រមទាំងខូចខាតទ្រព្យ សម្បត្តិមួយចំនួន ភ្លើងឆេះផ្ទះ១៥ខ្នង រន្ទះបាញ់ស្លាប់មនុស្ស៤នាក់ របួស០២នាក់ សត្វគោ ក្របីងាប់ ២៣ក្បាល និងលង់ទឹកស្លាប់៤នាក់ផងដែរ។

លោកបានបន្តទៀតថា គ្រោះមហន្តរាយទាំងនេះត្រូវបានគណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយខេត្តសហការល្អជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូធ្វើការ ជួយសង្គ្រោះ ឆ្លើយតបបានទាន់ពេលវេលា ជូនដល់ជនរងគ្រោះនៅតាមបណ្តាក្រុង ស្រុករងផលប៉ះពាល់ផងដែរ។

លោកបានបញ្ជាក់ថា បើទោះបីពេលនេះខេត្តសៀមរាបមិនទាន់មានគ្រោះទឹកជំនន់ដូចបណ្តាខេត្តមួយចំនួនក្តី ប៉ុន្តែអាជ្ញាធរខេត្តបានត្រៀមជានិច្ចសម្រាប់ឆ្លើយតបទៅនឹងផល ប៉ះពាល់នៃគ្រោះមហន្តរាយផ្សេងៗដែលកើតមាននៅក្នុងខេត្ត។

ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ជាការពិតណាស់ខេត្តសៀមរាបពេលនេះមិនទាន់មាន គ្រោះទឹកជំនន់នោះទេ តែការត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ គឺជារឿងដ៏ចាំបាច់សម្រាប់អាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមបានកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តសៀមរាប ដែលកន្លងមកបានសហការជាមួយសាខាកាកបាទក្រហមខេត្ត រួមគ្នាធ្វើការដោះស្រាយរួចរាល់បញ្ហាគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងនៅក្នុងខេត្តបានទាន់ពេល ដោយមិនបាច់រងចាំថ្នាក់ជាតិចុះមកជួយឡើយ។ ឯកឧត្តមបានបន្តទៀតថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិចាំបាច់ត្រូវធ្វើការត្រួតពិនិត្យការងាររយៈពេល៧ខែកន្លងមក និងចុះមើលពីស្ថានភាពទូទៅជាក់ស្តែង នៅតាមបណ្តាខេត្តនានាជុំវិញបឹងទន្លេសាប និងទន្លេមេគង្គដើម្បីធ្វើការដោះស្រាយ តាមការជាក់ស្តែង៕

ដោយ ឃុត សៅ