ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា-ថៃគ្រោងនឹងបង្កើតកម្មវិធីពង្រឹងគោលដៅទេសចរណ៍តែមួយដើម្បីបង្កើនភ្ញៀវ ទេសចររវាងប្រទេសទាំងពីរ

AKP បាងកក, ប្រទេសថៃ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ — ប្រទេសកម្ពុជានិងប្រទេសថៃគ្រោងនឹងបង្កើតកម្មវិធីពង្រឹងគោលដៅទេសចរណ៍តែមួយដើម្បីបង្កើនភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើនបន្ថែមទៀត។ លោកស្រី Walailak Noypayak អគ្គនាយិកាតំបន់អាស៊ាន អាស៊ីខាងត្បូង និងប៉ាស៊ីហ្វិកខាង ត្បូងនៃអាជ្ញាធរទេសចរណ៍ថៃបានមានប្រសាសន៍ថា ការបង្កើតភាពទាក់ទាញថ្មីនេះ នឹង ទទួលបានភ្ញៀវទេសចរពីប្រទេសអូស្ត្រាលី អាម៉េរិក និងអឺរ៉ុប ដើម្បីមកកម្សាន្តប្រទេសថៃផង ប្រទេសកម្ពុជាផងតាមរយៈការរៀបចំកម្មវិធីកម្សាន្តតាមលំដាប់លំដោយពីប្រទេសមួយទៅប្រទេសមួយ។ លោកសី្របានបញ្ជាក់ថា ការតភ្ជាប់ទេសចរជាមួយគ្នានេះ ប្រទេសទាំងពីរ ត្រូវដាក់កម្មវិធីធ្វើដំណើរសម្រាប់ភ្ញៀវរួមគ្នារវាង តំបន់ទេសចរណ៍ខេត្តព្រះសីហនុប្រទេស កម្ពុជា និងតំបន់ទេសចរណ៍ត្រាតប្រទេសថៃ តំបន់ទេសចរណ៍កោះឆាងប្រទេសថៃ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរវត្ដ ក្នុងខេត្ដសៀមរាប។

ចំពោះមធ្យោបាយធ្វើដំណើរ គឺតម្រូវឱ្យមានការតភ្ជាប់គ្នាដោយការហោះហើរត្រង់ពីថៃទៅកម្ពុជា ការតភ្ជាប់ផ្លូវរថភ្លើង ការធ្វើដំណើរតាមរថយន្ត និងមធ្យោបាយផ្សេងៗទៀតដែលអាចសម្រួលដល់ភ្ញៀវទេសចរ អាចធ្វើដំណើរបាន។ ក្រៅពីនោះ អាជ្ញាធរទេសចរណ៍ថៃ នឹងប្រើប្រាស់យន្តការពង្រឹង កិច្ចសហប្រតិការជាមួយក្រសួងទេសចរណ៍និងរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅផ្ដល់ប្រយោជន៍ជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន វេទិកាមហាអនុតំបន់ទន្លេមេគង្គ និងកិច្ចប្រជុំមេគង្គ-ឡានឆាងជាដើម។

លោកស្រីបានបន្ដទៀតថា អាជ្ញាធរទេសចរណ៍ថៃនឹងបង្កើនការផ្សព្វផ្សាយពីភាព ទាក់ទាញនៃតំបន់ទេសចរណ៍របស់ប្រទេសទាំងពីរកម្ពុជា-ថៃដោយមធ្យោបាយផ្សេងៗ ដើម្បី ឱ្យសហគមន៍អន្តរជាតិស្គាល់បានទូលំទូលាយបន្ថែមទៀតជាពិសេសអ្នកទេសចរណ៍ពីទ្វីប អឺរ៉ុប និងទ្វីបអាស៊ី។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា លោកស្រី Walailak Noypayak បានលើកឡើងថា កម្ពុជាក៏អាចទាក់ទាញភ្ញៀវទេសចរពីប្រទេសថៃបានដែរ ព្រោះបច្ចុប្បន្ន ប្រជាជនថៃច្រើនណាស់ចង់ស្គាល់តំបន់ប្រវត្តិសាស្ត្រប្រាង្គប្រាសាទអង្គរវត្ត និងប្រសាទអង្គរធំ របស់កម្ពុជា។ លោកស្រីបានបន្ថែមថា “បើសិនជាកម្ពុជារៀបប្រព័ន្ធតភា្ជប់មធ្យោបាយ ធ្វើដំណើរមានផ្លូវរថភ្លើង និងការហោះហើរត្រង់ពីតំបន់ទេចរណ៍ទាំងនោះមកកាន់ប្រទេស ថៃនោះ ភ្ញៀវទេសចរថៃនឹងសម្រុកចូលទៅទស្សនាប្រទេសកម្ពុជាជាក់ជាមិនខាន”៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា