ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសអែលសាលវ៉ាឌ័របង្កើតចំណងទាក់ទងការទូតជាមួយចិន

AKP ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ — ប្រធានាធិបតីប្រទេសអែលសាលវ៉ាឌ័រ លោក សាលវ៉ាឌ័រ សាន់ចេស សេរ៉េន ( Salvador Sanchez Ceren ) បាននិយាយកាលពីយប់ថ្ងៃចន្ទថា ប្រទេសរបស់លោកបានបង្កើតចំណងទាក់ទងការទូតជាមួយ ប្រទេសចិន ។
លោកប្រធានាធិបតី បាននិយាយនៅក្នុងសុន្ទរកថា មួយតាមទូរទស្សន៍ជាតិថា យើងជឿថា នេះគឺ ជាជំហានមួយនៅក្នុងទិសដៅដ៏ត្រឹមត្រូវ ដែលស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិ ,​ទំនាក់ទំនងអន្តរ ជាតិនឹងនិន្នាការដែលមិនអាចចៀសរួចនៃសម័យកាលរបស់យើង ។

លើសពីនេះទៀត លោកប្រធានាធិបតីបាននិយាយថា ការបង្កើតទំនាក់ទំនងការទូតជាមួយ ប្រទេសចិននឹងជំរុញដល់ការសន្ទនាគ្នាខាងនយោបាយ ធ្វើការសម្របសម្រួលគ្នាឱ្យបានកាន់តែខ្លាំងថែម ទៀត នៅក្នុងកិច្ចការអន្តរជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្រាប់ផលប្រយោជន៍ ទៅវិញទៅមក ។ប្រទេសអែលសាលវ៉ាឌ័រ ធ្លាប់មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ។

សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang yi ) នឹងរដ្ឋមន្ត្រីការ បរទេសអែលសាលវ៉ាឌ័រ លោក ការឡូស កាស្តានេដា ( Carlos Castaneda ) បានចុះហត្ថលេខាលើសេចក្តី ថ្លែងការណ៍រួមមួយនៅក្រុងប៉េកាំងស្តីពីការបង្កើតទំនាក់ទំនងការទូត ។

តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា រដ្ឋាភិបាលអែលសាល់វ៉ាឌ័រ នឹងកាត់ផ្តាច់ទំនាក់ទំនងការ ទូតជាមួយតែវ៉ាន់នៅថ្ងៃនេះ ហើយនឹងលែងមានទំនាក់ទំនងផ្លូវការណាមួយឬការផ្លាស់ប្តូរណាមួយជាមួយ តែវ៉ាន់ទៀតហើយ ។

លោក វ៉ាង បាននិយាយបន្ទាប់ពីពិធីចុះហត្ថលេខាថា ខ្ញុំជឿថា ប្រជាជនសាលវ៉ាឌ័រនឹងទទួលបាននូវមិត្តភាពនិងភាពរាក់ទាក់របស់ប្រជាជនចិន ហើយនឹងផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ។ រហូតមកដល់ពេលនេះប្រទេស១៧៨ បានបង្កើតចំណងទាក់ទងការទូតជាមួយប្រទេសចិន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)