ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ APEC ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់តំបន់

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC លើកទី៣ បានប្រព្រឹត្តទៅនៅរដ្ឋធានី Port Moresby នៃប្រទេស Papua New Guinea ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែសីហា ដែលមានការចូលរួមពីគណៈប្រតិភូសេដ្ឋកិច្ចប្រមាណ ២.០០០នាក់។
កិច្ចប្រជុំលើកទីពីរនៃក្រុមទស្សនវិស័យរបស់ APEC និងកិច្ចប្រជុំសន្ទនាគ្នាជិត ៨០ដងរបស់គណៈកម្មាធិការ និងក្រុមការងារ ត្រូវបានធ្វើឡើងក្នុងពេលតែមួយដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង វិស័យផ្សេងៗ។ កិច្ចប្រជុំទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការរៀបចំទិវាថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ ២០១៨ នៅក្នុងរដ្ឋធានី Port Moresby ក្នុងខែវិច្ឆិកាខាងមុខនេះ។

អ្នកតំណាងមកពីក្រសួងការបរទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងការពារជាតិ ក្រសួងផែនការ និងវិនិយោគ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងអធិការកិច្ចរដ្ឋាភិបាលនៃប្រទេសវៀតណាម បានចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ និងបានចូលរួមចំណែកយ៉ាងសកម្ម។

កិច្ចប្រជុំ APEC ប្រឈមនឹងកាលានុវត្តភាពថ្មី និងបញ្ហាប្រឈមនានា ដែលកិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការអនុវត្តជាអាទិភាពសម្រាប់ APEC ២០១៨ និងលើកកម្ពស់លទ្ធផលគួរឱ្យកត់សម្គាល់នៃ APEC ២០១៧ ដែលបានរៀបចំឡើងនៅវៀតណាម ជាពិសេសក្នុងការបង្កើតទស្សនវិស័យ APEC ក្រោយឆ្នាំ ២០២០ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចឌីជីថល សុវត្ថិភាពចំណីអាហារ ការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រី និងធនធានធម្មជាតិ។

អ្នកចូលរួមកិច្ចប្រជុំនេះ បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាការពង្រឹងតួនាទីរបស់ APEC ដែលជាយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឈានមុខគេនៅក្នុងតំបន់ ដូច្នេះត្រូវមានការជំរុញពាណិជ្ជកម្ម និងវិនិយោគដោយសេរី និងបើកចំហ ការបង្កើតឱកាសការងារ និងការលើកកម្ពស់គុណភាពជីវិតសម្រាប់មនុស្សក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)