ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាម និងជប៉ុនបង្កើនទំនាក់ទំនងមិត្តភាពស្ថាប័ននីតិបញ្ញត្ត

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ២១ ខែសីហា លោក Pham Minh Chin សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានទទួលស្វាគមន៍គណៈប្រតិភូសមាជិកសភា ជប៉ុនដែលដឹកនាំដោយលោក Kawamura Takeo ប្រធានគណៈកម្មការថវិការបស់រដ្ឋសភាជាតិជប៉ុន នៅទីក្រុងហាណូយ។

លោក Chinh ដែលជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម – ជប៉ុន ( VJFPG ) បានកោតសរសើរនូវទំនាក់ទំនងល្អរវាងស្ថាប័ននីតិបញ្ញត្តនៃប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរវាង VJFPG និងទំនាក់ទំនងមិត្តភាពរវាងសម្ព័ន្ធសភាជប៉ុននិងវៀតណាម។

លោកបានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រកិច្ចអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងជប៉ុន ឆ្ពោះទៅរកលទ្ធផលជាក់ស្តែង។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានអះអាងថា វៀតណាម និងជប៉ុនបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ឆ្នាំ ១៩៧៣ ដល់ឆ្នាំ ២០១៨) ដែលក្នុងអំឡុងពេលនេះ មានសមិទ្ធិផលដ៏សំខាន់ៗក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ការអប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

លោក Chinh បានកត់សម្គាល់ថា នៅពេលដែលវៀតណាមកំពុងធ្វើការងារជាមួយជប៉ុនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងកំណែទម្រង់រដ្ឋបាល ប្រទេសនេះចង់ទទួលបានការគាំទ្រពីសមាជិកសភាជប៉ុនដើម្បីធានាថា គម្រោងរួមគ្នាក្នុងវិស័យនានារបស់ប្រទេសទាំងពីរត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

សម្រាប់ប្រទេសជប៉ុន លោក Kawamura Takeo ដែលជាអនុប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន – វៀតណាម បានឯកភាពថា ចំណងទាក់ទងទ្វេភាគីកំពុងរីកចម្រើនក្នុងវិស័យផ្សេងៗ ក្រៅពីវិស័យ នយោបាយ និងសេដ្ឋកិច្ច ដែលរួមមានវិស័យវប្បធម៌ និងអប់រំផងដែរ។

លោកបាននិយាយថា លោករំពឹងថា វៀតណាមនឹងបន្តផ្តល់លក្ខខណ្ឌអនុគ្រោះសម្រាប់វិនិយោគិនជប៉ុន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )