ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Marubeni ASEAN PTE.LTD

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ –ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមួយក្រុម ដឹកនាំដោយលោក Iwasa Kaoru មន្រ្តីគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុន Marubeni ASEAN PTE.LTD ដោយមានការអមដំណើរពីនាយកប្រតិបតិ្តប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន ប្រធានប្រតិបត្តិការប្រចាំតំបន់អាស៊ាន និងជានាយកគ្រប់គ្រងផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យក្រុមហ៊ុនជួបជាមួយអង្គការJICA ដើម្បីពិភាក្សាបន្ថែមទៀតលើគម្រោងដែលកំពុងដំណើរការ និងបានជំរុញលើកទឹកចិត្តផងដែរឱ្យក្រុមហ៊ុនស្រាវជ្រាវពីអត្ថប្រយោជន៍ក្នុងការបង្កើតរោងចក្រផលិតដោយប្រើធនធានកម្ពុជាដូចជា៖ កាហ្វេ កៅស៊ូ ពោត ម្រេច ដំឡូងមី និងស្រូវ។

លោក Kaoru បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបនិងពិភាក្សាការងារអំពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងប្រព្រឹត្តិកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ ការស្តារ និងជួសជុលបណ្តាញផ្លូវថ្នល់ គម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត៕

ដោយ ទេស ច័ន្ទសុធារី