ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បេក្ខជនជាង១.៨០០នាក់ បោះបង់ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

បេក្ខជនជាង១.៨៩៩នាក់ ក្នុងនោះស្រី៧២៣នាក់ បានសម្រេចបោះបង់ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ក្នុងខណៈពេលក្រសួងអនុវត្តការបន្តរឹតបន្តឹងការលួចចម្លង និងយកសំណៅឯកសារ ឬឧបករណ៍ផ្សេងៗចូលក្នុងបន្ទប់ប្រឡង។

ឯកឧត្តម រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២១ ខែសីហានេះ បានឱ្យដឹងថា ដំណើរការប្រឡងសំណេររយៈពេល២ថ្ងៃនេះមានបេក្ខជនសរុបចំនួន១១៥.២៦៨នាក់តែប៉ុណ្ណោះ ក្នុងនោះស្រី៥៨.១៥៨នាក់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៨ ដែលធ្វើឡើងនៅទូទាំងប្រទេសរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា មានបេក្ខជនបានដាក់ពាក្យចូលរួមប្រឡងសរុប១១៧.០៦១នាក់ ដោយក្រសួងបានចែកចេញជា១៩៥មណ្ឌល ស្មើនឹង៤.៧១៦បន្ទប់ នៅតាមរាជធានីខេត្ត។

ឯកឧត្តម រស់ សាលីន បានបញ្ជាក់ថា ដំណើរការប្រឡងនេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាព ឬភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយនៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រីអ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ជាទូទៅបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងផងដែរថា ក្នុងពេលប្រឡងនេះ ក៏មានបេក្ខជនចំនួន៦៤ បានជួបបញ្ហាសុខភាព ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ដោយមានតែបេក្ខជន៥នាក់ប៉ុណ្ណោះ មិនអាចបន្តការប្រឡងបាន ខណៈបេក្ខជនប្រឡងចំនួន ៧រូប មានកំហុសឆ្គង ដោយលួចយកទូរស័ព្ទ និងសំណៅឯកសារចូលក្នុងបន្ទប់ប្រឡង។ ជាមួយគ្នានេះ ក៏មានបុគ្គលិកអប់រំមានកំហុសឆ្គង៣ករណី ដោយទុកទូរស័ព្ទជាប់ខ្លួន ហើយត្រូវបានបញ្ឈប់មិនអនុញ្ញាតឱ្យបន្តការងារផងដែរ។

តាមការគ្រោងទុក លទ្ធផលនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៨នេះ នឹងត្រូវក្រសួងអប់រំ យុវជន និងកីឡា ប្រកាសនៅថ្ងៃទី១១-១២ ខែកញ្ញាខាងមុខនេះ បន្ទាប់ពីធ្វើកំណែដាក់ពិន្ទុលើវិញ្ញាសារបស់បេក្ខជនប្រឡងចប់រួចរាល់៕