ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជានឹងធ្វើជាប្រទេសកិត្តិយសក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន នៅខែកញ្ញា ឆ្នាំ២០១៨

AKP ភ្នំពេញថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ -ការតាំងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់១៥ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្នុងនោះកម្ពុជានឹងធ្វើជាប្រទេសកិត្តិយស ស្របពេលទំនាក់ទំនងការទូត កម្ពុជា-ចិន នឹងឈានចូលគម្រប់ខួបលើកទី៦០ ក៏ដូចជាគម្រប់ខួបលើកទី១៥ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តចិន-អាស៊ាន ។

យោងតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ស៊ាង ថៃ អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន នៅរាជធានីភ្នំពេញថា ពិព័រណ៍ខាងលើនេះ ជាវេទិកាដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការទូត ព្រមទាំងវប្បធម៌រវាងប្រទេសទាំងពីរ ជាពិសេសបង្កើតកាលានុវត្តភាពវិនិយោគ និងសកម្មភាពពាណិជ្ជកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រីកគោលដៅទីផ្សារទាំងក្នុង និងក្រៅប្រទេស ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយលើវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។

ឯកឧត្តម ស៊ាង ថៃ បានមានប្រសាសន៍បន្តថា ក្រៅពីការតាំងបង្ហាញផលិតផល និងសេវា យើងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគមួយចំនួន ក៏ដូចជារៀបចំវេទិកាវិនិយោគកម្ពុជា-ចិនលើកទី៣ និងកម្មវិធីទស្សនកិច្ចរបស់ពាណិជ្ជករកម្ពុជាទៅកាន់ប្រទេសចិន ដើម្បីស្វែងរកដៃគូធ្វើអាជីវកម្ម ។

សម្រាប់កម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន ជារៀងរាល់ឆ្នាំកម្ពុជាតែងតែរៀបចំពន្លាជាតិដើម្បីបង្ហាញពីកិត្តិនាមរបស់ប្រទេសដល់អ្នកចូលរួមឱ្យបានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ។ សម្រាប់ឆ្នាំ២០១៨នេះ កម្ពុជានឹងរៀបចំជាពន្លាជាតិមួយ ដោយយកប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ ធ្វើជាទីក្រុងដ៏ស្រស់ប្រិមប្រិយ និងមានអគារមួយទំហំ ៤៥គុណ៦០ម៉ែត្រ ដែលអាចរៀបចំបានចំនួន ១៤៦ស្តង់ សម្រាប់បង្ហាញផលិតផលនិងសេវារបស់ប្រទេសកម្ពុជាផងដែរ ៕

ដោយសួស សំរិត