ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម សាយ សំអាល់ អញ្ជើញពិនិត្យការចិញ្ចឹមជ្រូកកណ្តុរ

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ -ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះទៅពិនិត្យមើលការចិញ្ចឹមជ្រូកកណ្តុរ នៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ និងសំណេះសំណាលជាមួយមន្រ្តី ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមានការចិញ្ចឹមសត្វជ្រូកកណ្តុរ (ជ្រូកពូជជនជាតិ) និងសត្វមាន់ ដែលទាំងនេះគឺជាផ្នែកមួយសម្រាប់បង្កើនជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់នេះ មិនតែប៉ុណ្ណោះអាចយកទៅផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកថែមទៀតផង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ជាពិសេសពិនិត្យ និងសិក្សាបន្ថែមទៀត លើជំនាញ និងបច្ចេកទេសក្នុងការចិញ្ចឹមសត្វទាំងនេះឱ្យមានសុខភាពល្អ និងទទួលបានទិន្នផលខ្ពស់។

ដោយឡែក ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលចិញ្ចឹមជ្រូកកណ្តុរ (ជ្រូកពូជជនជាតិ) គឺដើម្បីផលិតកូនជ្រូកទាំងអស់នេះ ចែកជូនប្រជាកសិករនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដែលនេះជាគោលដៅរបស់ក្រសួងបរិស្ថានដែលបានជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចិញ្ចឹមជ្រូក ដែលអាចពឹងពាក់លើចំណីក្នុងស្រុក និងការរីកលូតលាស់តាមលក្ខណៈធម្មជាតិ មិនតែប៉ុណ្ណោះអាចយកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៀតផង ។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គនាយ បានកបន្តថា បន្ទាប់ពីទទួលបានគោលការណ៍ក្រោយសន្និតបាតក្រសួងបរិស្ថាន កាលពីឆ្នាំ២០១៧ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបង្កើតស្ថានីយចិញ្ចឹមជ្រូកពូជនេះបាន ២កន្លែងទាំងនៅទីនេះ និងមួយកន្លែងទៀតនៅក្នុង ខេត្តមណ្ឌលគិរី ដែលជាសហគមន៍តំបន់ការពារធម្មជាតិដែរ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលចិញ្ចឹមជ្រូកកណ្តុរ (ជ្រូកពូជជនជាតិ) នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅភូមិសាស្រ្តខេត្តពោធិ៍សាត់ មានផ្ទៃដីសរុបចំនួន ៣ហិកតា៕

ដោយ ទេស ច័ន្ទសុធារី