ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ថ្លែងសរសើរអាជ្ញាធរ​ភាគីពាក់ព័ន្ធ​ខេត្តបន្ទាយ មានជ័យបានរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេល

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ –ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការនិងជាប្រធានគណៈកម្មាធិការ​ប្រតិបត្តិគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងសរសើរដល់កិច្ចខិតខំប្រឹង​ប្រែងរបស់អាជ្ញាធរដែនដី គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានរួម​គ្នាជួយដោះស្រាយ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ ដែលកើតមាន​កន្លងមកនេះបានទាន់ពេលវេលា និងជំរុញឱ្យត្រៀមបង្កាជាស្រេចក្រែងមានគ្រោះធម្មជាតិ​ណាមួយកើតមានជាយថាហេតុ​សម្រាប់ពេលខាងមុខ។

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដាអញ្ជើញប្រជុំ​ត្រួត​ពិនិត្យការងារ គ្រោះមហន្តរាយខេត្តបន្ទាយមានជ័យរយៈពេល៧ខែដើមឆ្នាំ២០១៨ កាលពី​រសៀលថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២១ ខែសីហា​ឆ្នាំ២០១៨ នៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការដោះស្រាយ ឆ្លើយតបទៅនឹងបញ្ហា ប្រឈមនានា​នៅតាមមូលដ្ឋានដែលកំពុងត្រូវការជាបន្ទាន់នោះ។

ឯកឧត្តម សួន​ បវរ អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្នុងខេត្តបន្ទាយមាន ជ័យរយៈពេល៧ខែដើមឆ្នាំ២០១៨នេះ គ្រោះមហន្តរាយដែលបានកើត​នោះ មានប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ប៉ះពាល់ និងខូចខាតលំនៅឋានប្រជា​ពលរដ្ឋ​ចំនួន ២៩២ខ្នង ផ្ទះ ខូចខាតធ្ងន់ចំនួន ២៥ខ្នងផ្ទះ រងរបួសមនុស្ស០១នាក់ លង់ទឹកស្លាប់មនុស្ស៥នាក់ អគ្គិភ័យ ឆាបឆេះផ្ទះចំនួន ១៤ខ្នង ​កុដិ១ខ្នង និងរន្ទះបាញ់មនុស្ស ៧លើក​​។

អភិបាលខេត្តបន្ទាយមានជ័យឱ្យដឹងទៀតថា នៅក្នុងខែកក្កដាឆ្នាំ២០១៨នេះ ​នៅ​ ស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូរជ្រៅ ជួបបញ្ហាខ្វះទឹកដោយមានភ្លៀងធ្លាក់តិចតួច ដែលធ្វើឱ្យប៉ះពាល់ដំណាំស្រូវរដូវ​វស្សា​ចំនួន ​៥.៤៦៩ហិកតា ក្នងនោះស្រូវស្រាល​ដើមរដូវ ចំនួន ៨៩ហិកតា ​ស្រូវកណ្តាលចំនួន ​៤.៧៩២ហិកតា ស្រូវធ្ងន់ចំនួន ​៥៨៨ហិកតា។

ដោយឡែកនៅចុងខែកក្កដា និងពេញពាក់កណ្តាលខែសីហានេះក៏មានភ្លៀងធ្លាក់​​ជាប់ ៗគ្នាធ្វើឱ្យមានទឹកជំនន់ធ្លាក់ពីស្ទឹងបវេល ងស្ទឹងមង្គលបូរី បានជន់លិចដំណាំស្រូវស្រាល​បង្កើនរដូវដែលកំពុងទុំរបស់ប្រជាកសិករ ​ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ​ប្រមាណ ចំនួន.២៦៤ហិតា ក្នុងនោះខូចខាតចំនួន .៤៣៥ហិកតា ស្មើនឹង.៣៣៨គ្រួសារ។

​ឯកឧត្តមអភិបាលខេត្ត បានសំណូមពរ​​ឱ្យធ្វើសំណង់ទ្វារទឹក ស្តារពង្រីកមុខទឹក និងប្រព័ន្ធ រំដោះទឹកបន្ថែម។ រៀបចំឱ្យមានប្រព័ន្ធការពារ​​ និងទប់ស្កាត់អំពីមុខសញ្ញាគ្រោះថ្នាក់ នៃគ្រោះ រាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ស្នើសុំពូជស្រូវស្រាលក្នុង១គ្រួសារៗ ចំនួន ១៥០គីឡូក្រាម សម្រាប់ស្តារឡើងវិញនៅពេលទឹកស្រក។ ស្នើសុំប្រេងម៉ាស៊ូតចំនួន ១០.០០០លីត្រ និងម៉ាស៊ីន​បូមទឹក ដើម្បីជួយអន្តរាគមន៍​សង្គ្រោះឆ្លើយតបបន្ទាន់ជាបន្តទៀត និងអំណោយជាគ្រឿងឧបភោគបរិភោគចំនួន .៣៣៧​កញ្ចប់ សម្រាប់ជួយប្រជាពលរដ្ឋរង គ្រោះ​។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក្នុងនាមគណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ បានសន្យាផ្តល់ពូជស្រូវតាមរយៈក្រសួងកសិកម្ម និង​អំណោយមួយចំនួនទៀតតាមរយៈកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋតាមរយៈ ថ្នាក់ខេត្តក្នុងពេលឆាប់ៗនេះខាងមុខនេះ៕

ដោយ ឈុន សារ៉ាត