ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហព័ន្ធខ្មែរកីឡាហាប់គីដូធ្វើសិក្ខាសាលាបង្ហាញក្បាច់គុនដល់សិស្សគុនរបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨–សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំសិក្ខាសាលាបង្ហាញ ក្បាច់គុនដល់សិស្សគុនក្នុងស្រុក របស់ខ្លួន នៅពហុកីឡដ្ឋានជាតិ ដើម្បីពង្រីកគុណភាពក្បាច់គុនមួយនេះឱ្យ កាន់តែប្រសើរ ឡើង ដោយការបង្ហាញនេះ សម្តែងដោយកីឡាករ ជា​ វ៉ាន់សាន្ត​ ដែលធ្លាប់បានហ្វឹកហាត់ ដោយ ផ្ទាល់នៅសាធារដ្ឋកូរ៉េអស់ រយៈពេលជាច្រើនឆ្នាំ។

អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ លោក គង់ ចាន់ធីណា បានឱ្យដឹងថា គោល ដៅនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញជូនដល់កីឡាករ កីឡាការិនីហាប់គីដូក្មេងៗ ដើម្បីឱ្យ ពួកគេឈ្វេងយល់ពីក្បាច់ ស្នៀតពិសេសៗពីរៀមច្បង ក្នុងប្រយោជន៍អភិវឌ្ឍន៍កម្រិត សមត្ថភាព របស់ខ្លួនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នៅការ បង្ហាញក្បាច់គុននេះសម្តែងដោយ កីឡាករឆ្នើមខ្មែរ ជា​ វ៉ាន់សាន្ត ដែលធ្លាប់បានហ្វឹកហាត់កីឡា​ហាប់គីដូ​ តាំង​ពី​ឆ្នាំ​២០០៥​ មក​ម្ល៉េះ​ និង​បាន​បន្ត​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​កូរ៉េ​ខាងត្បូង​ទៀត​ ​រហូត​បាន​ខ្សែក្រវាត់​ខ្មៅ​៣ដាន់។​ ក្រៅពីការ បង្ហាញរបស់កីឡាកររូបនេះ ក៏មានការបង្ហាញពីកីឡា​ហាប់គីដូមួយចំនួនទៀត ​ដែល​បាន​សិក្សា​ផ្ទាល់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ រួម​និង​កីឡាករ​ដែល​កំពុង​ហ្វឹកហាត់​ក្នុង​ស្រុក​ផង​ដែរ។

លោកបានគូសបញ្ជាក់ទៀតថា ការខិតខំបំផុសស្មារតីរបស់សហព័ន្ធឱ្យកីឡាករ កីឡាការិនី​ចូលរួមហ្វឹកហាត់ឱ្យបានច្រើនសម្បូរបែបជាមុនសិន ហើយនាពេលខាងមុខសហព័ន្ធ នឹងខិត ខំ​ធ្វើយ៉ាងណារៀបចំការប្រកួតនានាឱ្យបានច្រើន ក្នុង១ឆ្នាំៗ ដើម្បីបង្កើនបច្ចេកទេស ឱ្យបាន កាន់តែប្រសើរ។

លោកក៏បានសំណូមពរឱ្យក្មេងៗនៅទូទាំង ប្រទេសចូលរួមហ្វឹកហាត់កីឡា ហាប់គីដូ ឱ្យបានច្រើនកុះករ ក្នុងបំណងផ្សព្វផ្សាយពង្រីកក្បាច់គុននេះឱ្យកាន់តែ ពេញនិយម ដូចជំនាញកីឡាផ្សេងៗទៀតដែរ។

គួរបញ្ជាក់ថា សិក្ខាសាលានេះក៏ទទួលបានកិត្តិយសចូលរួម​ពី​ឯកឧត្ដម​ ម៉ក់​ សំអុល​ ប្រធាន​សហព័ន្ធ​ខ្មែរកីឡាហាប់គីដូ និង​ឯកឧត្ដម​ ជា​ ប៊ុនហេង​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ផង​ដែរ៕


ដោយ ហេង ណាលីន