ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សិក្ខាសាលាស្តីពីការគ្រប់គ្រងកងទ័ពប៉ាស៊ីហ្វិកលើកទី ៤២ ប្រារព្ធឡើងនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី២០ ខែសីហា សិក្ខាសាលាស្តីពីការគ្រប់គ្រងកងទ័ពប៉ាស៊ីហ្វិកលើកទី ៤២ (PAMS 42) ដែលមានប្រធានបទ « កិច្ចសហប្រតិបត្តិការកងកម្លាំងជើងគោកក្នុងចំណោមប្រទេសនៅឥណ្ឌូអាស៊ី -​ ប៉ាស៊ីហ្វិកដើម្បីជំនួយមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ» បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
សិក្ខាសាលានេះត្រូវដឹកនាំដោយសហប្រធាន ដែលមានលោក Pham Hong Huong អនុប្រធានអគ្គសេនាធិការនៃឧត្តមសេនីយ៍ឯកអគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម និងលោក Robert B.Brown អគ្គបញ្ជាការទូទៅនៃបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក (USARPAC)។

សិក្ខាសាលាដែលដឹកនាំដោយសហប្រធានមកពីអគ្គសេនាធិការ នៃឧត្តមសេនីយ៍ឯកអគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម និង USARPAC មានរយៈពេល ៤ថ្ងៃ និងបានទាក់ទាញអ្នកតំណាងមកពីកងកម្លាំងដីគោកនៅក្នុងប្រទេសចំនួន២៧ ចូលរួមដូចជាចក្រភពអង់គ្លេស, ឥណ្ឌា ,អូស្ត្រាលី ,បង់ក្លា-ដែស , កម្ពុជា ,កាណាដា, ឈីលី ,ហ្វីជី ,សាធារណរដ្ឋកូរ៉េ, សហរដ្ឋអាមេរិក ,ឥណ្ឌូណេស៊ី, ឡាវ ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា ,ម៉ុងហ្គោលី, នេប៉ាល់ ,ជប៉ុន, ញ៉ូហ្សេឡែន ,ប៉ាពួញូហ្គីណេ ,បារាំង ,ហ្វីលីពីន ,សិង្ហបុរី, ស្រីលង្កា ,ថៃ, តុងហ្គា, ចិន និង វៀតណាមជាដើម។

សិក្ខាសាលានេះនឹងរៀបចំសម័យប្រជុំពេញអង្គបីលើក ស្តីពីការផ្តួចផ្តើមការឆ្លើយតបរបស់កងកម្លាំងជើងគោកចំពោះជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការពហុភាគី និងការបង្កើនតួនាទីនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានោះ ឧត្តមសេនីយ៍ Pham Van Giang អគ្គសេនាធិការនៃកងទ័ពប្រជាជន និងការពារជាតិវៀតណាម បានមានប្រសាសន៍ថា ឥណ្ឌូអាស៊ីប៉ាស៊ីហ្វិកតែងតែប្រឈមនឹងគ្រោះធម្មជាតិជាច្រើន ដូចជាព្យុះទីហ្វុង រញ្ជួយដី រលកស៊ូណាមី និងការផ្ទុះភ្នំភ្លើង ដោយសារតែបម្រែបម្រួលអាកាសធាតុ និងការកើនឡើងនៃកំដៅផែនដី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)