ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីចិនជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ — ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ( Xi jinping ) បានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀរ ម៉ូហាម៉ាដ ( maha Thir mohamad ) ក្នុងក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ។
លោក ស៊ី បានសំដែងការសាទររបស់លោក ចំពោះសារសំខាន់យ៉ាងធំធេងដែលលោកមហាធៀរ បានចូលរួមដល់ការជំរុញចំណងទាក់ទងរវាងប្រទេសទាំងពីរ ព្រមទាំងការគាំទ្ររបស់លោកការផ្តួចផ្តើម គំនិតខ្សែក្រវ៉ាត់និងផ្លូវ ដែលចិនបានស្នើក៏ដូចជាការរួមចំណែករបស់លោកដល់ការបង្កើនល្បឿនកិច្ចសហប្រតិបត្តិការថ្នាក់តំបន់អាស៊ី ។

ដោយនិយាយថា ចំណងទាក់ទងទ្វេភាគីឈរនៅលើចំណុចថ្មីនិងសំខាន់ក្រៃលែងនោះ លោក ស៊ី បានកត់សម្គាល់ថា ប្រទេសចិនកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅ២០០ឆ្នាំ របស់ ខ្លួន នៅពេលជាមួយគ្នានោះដែរ ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមធ្វើដំណើររបស់ខ្លួនក្នុងការកសាងប្រទេស ម៉ាឡេស៊ីថ្មីមួយ ។

លោក ស៊ី បាននិយាយថា ចិននិងម៉ាឡេស៊ីក្នុងឋានៈជាកម្លាំងដែលលេចឡើងយ៉ាងសំខាន់ក្នុងអាស៊ីនោះ កំពុងធ្វើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ឱ្យនូវឱកាសនៃការអភិវឌ្ឍទៅវិញទៅមក ដោយ សំដែងនូវសេចក្តីសង្ឃឹមរបស់លោកថា ប្រទេសទាំងពីរអាចពង្រឹងនូវការទាក់ទងគ្នាជាយុទ្ធសាស្ត្រ ដើម្បីជំរុញនូវចំណងទាក់ទងទ្វេភាគី ការធ្វើយុវកម្មអាស៊ី ព្រមទាំងវិបុលភាពរបស់ពិភពលោក ។

ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដំបូងគេមកពីអាស៊ាន ដែលបង្កើតទំនាក់ទំនងការទូតជាមួយចិន ចាប់តាំងពីអង្គការថ្នាក់តំបន់នេះ ត្រូវបានគេបង្កើតឡើង ។

ដោយនិយាយថា ទស្សនកិច្ចរបស់លោកនៅប្រទេសចិននឹងគូសបញ្ជាក់ឱ្យឃើញនូវជំហានយ៉ាង សំខាន់មួយ ដែលបានប្រកាន់យកដោយរដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ីនោះ លោក​ មហាធៀរ បាន សង្កត់ធ្ងន់ថា នយោបាយជាមិត្តរបស់ប្រទេសលោក ចំពោះប្រទេសចិននឹងនៅតែឥតផ្លាស់ប្តូរដដែល ។

លោក មហាធៀរ បាននិយាយថា ប្រទេសម៉ាឡេស៊ីបានទទួលផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិ ការរបស់ខ្លួនជាមួយចិនជាប្រទេសយ៉ាងសំខាន់ នឹងមានឥទ្ធិពលមួយក៏ដូចជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី ដោយលោកនិយាយបន្ថែមថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនដែលដាក់ការគំរាមកំហែង មួយដល់ប្រទេសរបស់លោកទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )