ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក មូន នឹងជួបប្រជុំជាមួយបណ្តាមេដឹកនាំរដ្ឋាភិបាលក្នុងស្រុក ស្តីពីការបង្កើតការងារធ្វើ

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ — ការិយាល័យប្រធានាធិបតី ចេអុង វ៉ាដា បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធាធិបតី​លោក មូន​ ចា-អ៊ិន​ នឹងធ្វើកិច្ចប្រជុំមួយនាសប្តាហ៍នេះ ជាមួយបណ្តាមេដឹកនាំរដ្ឋាភិបាល​ក្នុង​ស្រុកសំខាន់ៗ ដើម្បីពិភាក្សាគ្នាពីមធ្យោបាយនានា ក្នុងការបង្កើតការងារធ្វើបន្ថែមទៀត។
តាមការិយាយល័យនេះបានឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធស្អែកនេះ នៅការិយាល័យ ចេអុង វ៉ាដា ដោយជួបជុំនូវមេដឹកនាំមកពីបណ្តាខេត្ត​ និងទីក្រុងសំខាន់ៗ​ចំនួន១៧។

វានឹងធ្វើជាការកត់សម្គាល់នៃកិច្ចប្រជុំរបៀបនេះជាលើកទី៣ ​ជាមួយប្រមុខគ្រប់គ្រង​រដ្ឋាភិបាលក្នុងតំបន់ចាប់តាំងពីលោកបានឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំ២០១៧​មក និងជាលើកទី១ហើយចាប់តាំងពីការបោះឆ្នោតក្នុងតំបន់នាពេលថ្មីៗនេះ ដែលបាន​ប្រព្រឹត្តិ​ទៅកាលពីខែមិថុនាកន្លងទៅ។

កាលពីពេលមុននេះ លោក មូន បានសន្យាថា​ នឹងធ្វើកិច្ចប្រជុំជាញឹកញាប់ជាមួយ​មេដឹកនាំ​រដ្ឋា- ភិបាលក្នុងតំបន់​ ដោយហៅប្រមុខដឹកនាំរដ្ឋាភិបាលក្នុងតំបន់សំខាន់ៗទាំង១៧​នោះ​ថា ជាគណៈរដ្ឋមន្រ្តីទីពីរ។

ការិយាល័យ ចេអុង វ៉ាដា បាននិយាយទៀតថា កិច្ចប្រជុំនាថ្ងៃពុធស្អែកនេះ នឹងផ្តោត​ជា​សំខាន់ទៅលើមធ្យោបាយនានា ក្នុងការបង្កើតការងារធ្វើ។

ការិយាល័យនេះបានប្រាប់ពួកអ្នកយកព័ត៌មានថា បណ្តាប្រមុខរដ្ឋាភិបាលក្នុងតំបន់ នឹងត្រូវណែនាំជាដំបូង​នូវកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់ពីរដ្ឋាភិបាលរបស់ពួកគេ ក្នុងការ​បង្កើត​ការងារធ្វើ ហើយបន្ទាប់មក លោកប្រធានាធិបតីនឹងពិភាក្សា ពីរបៀបរបបរដ្ឋាភិបាល​ថ្នាក់កណ្តាល ដែលអាចជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )