ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងការបរទេស៖ ចំណងទាក់ទងអន្តរកូរ៉េ និងការរំសាយអាវុធនុយក្លេអ៊ែរ គួរតែដំណើរការទន្ទឹមគ្នា

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃចន្ទ អាមេរិកបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងការរៀបចំរបស់កូរ៉េ​ទាំង​ពីរ​ដើម្បីបើកការិយាល័យទំនាក់ទំនងរួមគ្នាមួយថា ចំណងទាក់ទងអន្តរកូរ៉េគួរតែធ្វើឡើង​ទន្ទឹមគ្នា ជាមួយនឹងការធ្វើមិនឱ្យមាននុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង​។
ការិយាល័យនេះត្រូវបានគេជឿជាក់ថា នឹងបង្កើតឡើងនៅទីក្រុងជាប់ព្រំដែន ហ្កេសុង របស់កូរ៉េ-ខាងជើង ដើម្បីសម្របសម្រួលកិច្ចផ្លាស់ប្តូរឆ្លងកាត់ព្រំដែន​បន្ទាប់ពីកិច្ចប្រជុំកំពូល​ជាប្រវត្តិសាស្រ្តមួយ​រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ិន​ និងមេដឹកនាំកូរ៉េខាង​ជើង លោក គីម ជុង-អ៊ុន​ កាលពីខែ មេសាកន្លងទៅ។

របាយការណ៍សារព័ត៌មានកូរ៉េមួយ​ ដែលបានយោងតាមសម្តីរបស់មន្រ្តីអាមេរិក​មួយរូប​ដោយលើក​ឡើងពីការព្រួយបារម្ភថា ការផ្គត់ផ្គង់ផ្នែកអគ្គិសនី និងការផ្គត់ផ្គង់ផ្សេងៗ​ទៀត​របស់កូរ៉េខាងត្បូងដល់ការិយាល័យនេះ អាចនឹងរំលោភទៅនឹងការដាក់ទណ្ឌកម្ម របស់អ.ស.ប និងអាមេរិក ប្រឆាំងនឹងរបបនេះ។

អ្នកនាំពាក្យក្រសួងការបរទេស​មួយរូប បាននិយាយក្នុងការឆ្លើយតបមួយទៅនឹង​សារព័ត៌មាន​ យន់ហាប់​ ដោយបញ្ជាក់ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងខាងជើងដាច់ដោយ​ពីគ្នាថា យើងដឹងថា ផែនការរបស់កូរ៉េខាត្បូង និងខាងជើង​នឹងបើកការិយាល័យទំនាក់ទំនង​រួមគ្នា​នៅតំបន់ ហ្កេសុង។

មន្ត្រីរូបនេះ មិនបានផ្តល់យោបល់ទៅលើគម្រោងនេះអ្វីនោះទេ ដោយគ្រាន់តែថា គម្រោងនេះអាចនឹងរំលោភទៅនឹង​ការដាក់ទណ្ឌកម្ម ប៉ុន្តែបានគូសបញ្ជាក់ពីតម្រូវការ​ដើម្បី​រក្សា​កិច្ចទំនាក់ទំនងអន្តរកូរ៉េ និងការរំសាយអាវុធនុយក្លេអ៊ែរ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )