ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាមេរិក : ការរារាំងអ៊ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ គឺជាអាទិភាពកំពូល

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨​​ ​– ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជន បូលតុ​ ( John Bolton ) កាលពីថ្ងៃអាទិត្យបានប្រាប់នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល លោក បេន ចាមីន នេតាន់យ៉ាហ៊ូ ( Benjamin Netanyhu ) ថា ការការពារអ៊ីរ៉ង់មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ គឺជាអាទិភាពកំពូលមួយសម្រាប់ ស.រ.អា ។
ថ្លែងនៅឯការចាប់ផ្តើមកិច្ចប្រជុំរបស់ពួកគេក្នុងទីក្រុងហ្សេរុយសាឡឹមលោក បូលតុន បាននិយាយថា សមត្ថភាពយោធាអ៊ីរ៉ង់ គឺជាសំណួរដែលមានសារសំខាន់ខ្ពស់បំផុតសម្រាប់ ស.រ.អា ។

លោកបាននិយាយថា ដោយហេតុនេះ ហើយបានជាយើងធ្វើការជាមួយមិត្តភ័ក្ត្ររបស់យើងក្នុងអឺរ៉ុប ដើម្បីធ្វើឱ្យពួកគេជឿជាក់ លើការចាំបាច់ក្នុងការប្រកាន់យកនូវជំហានឱ្យបានកាន់តែខ្លាំងប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអ៊ីរ៉ង់ ។

លោកទីប្រឹក្សានេះបាននិយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺអាក្រក់ ហើយថា ដោយហេតុនេះ ហើយបានជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump ) បានចាកចេញពីកិច្ចព្រមព្រៀងនេះ កាលពីខែកន្លងទៅ ។

លោក នេតាន់យ៉ាហ៊ូ បានយល់ស្របថា កិច្ចព្រមព្រៀងនេះ គឺប្រកបដោយគ្រោះថ្នាក់ ។ លោកបានអរគុណ លោក ត្រាំ ចំបោះការដាក់ទណ្ឌកម្ម​ឡើងវិញ លើប្រទេសអ៊ីរ៉ង់ ។

លោកបាននិយាយថា ការពិភាក្សាគ្នាជាមួយលោក បូលតុន គឺមានបំណងដាក់ឱ្យត្រូវនូវការធ្វើនយោបាយរបស់យើងឱ្យកាន់តែជិតស្និទ្ធថែមទៀតស្តីពីអ៊ីរ៉ង់ , ស៊ីរី និងហ្គាហ្សា ។

លោក បូលតុន បានទៅដល់ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យសម្រាប់ទស្សនកិច្ចមួយរយៈពេល ២ ថ្ងៃ ។ នៅថ្ងៃចន្ទនេះ គេរំពឹងថា លោកនឹងជួបរដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអ៊ែលលោក អាវីកឌ័រ លីយេបែរម៉ាន ( Avigdor Lieberman ) ។

លោក បូលតុន គឺជាអ្នករិះគន់ម្នាក់ដែលធ្វើឱ្យសង្កៀរត្រចៀកកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ រវាងមហាអំណាចពិភពលោក និង អ៊ីរ៉ង់ក្នុងការរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់ ។ លោកបានអំពាវនាវឱ្យមានការកៀបសង្កត់កាន់តែខ្លាំងលើអ៊ីរ៉ង់ជាមួយ នឹងទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីបង្ខំអ៊ីរ៉ង់ឱ្យបញ្ឈប់កម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ព្រមទាំងធានាថា ប្រទេសនេះនឹងមិនផលិតអាវុធនុយក្លេអ៊ែរទេ ។ អ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបានផលិតមីស៊ីលនុយក្លេអ៊ែរទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )