ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹទ្ធបុរសសាកលវិទ្យាល័យថៃអះអាងថា និស្សិតកម្ពុជាជាប់ចំណាត់ថ្នាក់Top 10 ក្នុងការសិក្សានៅប្រទេសថៃ

AKP បាងកក, ប្រទេសថៃ ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ –លោក Sivakorn Angthong ព្រឹទ្ធបុរសមហាវិទ្យា​ល័យ​វិស្វកម្ម​នៃសាកលវិទ្យាល័យ RAJAMANGALA UniversityY of Technology Thanyaburi នៅប្រទេសថៃបានអះអាងថា​ និស្សិតកម្ពុជាជាប់ចំណាត់ថ្នាក់ Top 10 នៅប្រទេសថៃ ក្នុងចំណោមនិស្សិតថៃនិងបរទេស​រាប់​ពាន់​នាក់​ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនេះ។

ក្នុងការធ្វើបទបង្ហាញស្វាគមន៍ដល់តំណាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨​ លោក Sivakorn Angthong បានលើកឡើងថា និស្សិតដែល ត្រូវបានជ្រើសរើស​សម្រាប់ផ្តល់​អាហារូបករណ៍​ព្រះអង្គម្ចាស់ក្សត្រីសុរិនថន ដែលបានមក សិក្សានៅប្រទេសថៃ​សុទ្ធតែអ្នកពូកែៗ​ស្រាប់​តាំង​ពីនៅប្រទេសកម្ពុជា ដោយនិស្សិតខ្លះជា សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A និងនិទ្ទេស B ស្ទើរគ្រប់មុខវិជ្ជា ហើយនៅពេលសិក្សានៅប្រទេសថៃពួកគេសិក្សាមិនចាញ់និស្សិតថៃ និងនិស្សិតមកពី ឥណ្ឌូ ណេស៊ី ឡាវ វៀតណាម ហ្វីលីពីន និងនិស្សិតបរទសផ្សេងៗដែលកំពុងសិក្សានៅប្រទេស ថៃឡើយ។

លោកបានបន្ដថា ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យ RAJAMANGALA UniversityY of Technology Thanyaburi នៅប្រទេសថៃ ជ្រើសរើសនិស្សិតមកពីប្រទេស កម្ពុជាប្រមាណ១០ទៅ១២នាក់ គិតមកដល់ពេលនេះ បាន៦ជំនាន់ហើយ។ លោកបានបន្ដ ទៀតថា និស្សិតដែលត្រូវបានជ្រើសរើសមករៀននៅប្រទេសថៃនោះពួកគេទទួលបានអត្ថ ប្រយោជន៍ជាច្រើនដូចជាថ្លៃស្នាក់នៅ ថ្លៃសិក្សារៀនសូត្រ សេវាធានារ៉ាប់រងសុខភាព និង ប្រាក់ខែគិតជាប្រាក់រៀលប្រមាណជាង៤០ម៉ឺនរៀលផងដែរ។ ចំពោះការរស់នៅប្រចាំថ្ងៃ និស្សិតទាំងនោះរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់សាកលវិទ្យាល័យ និងមានជំនួយការ សាស្ត្រាចារ្យ សម្រាប់ទំនាក់ទំនងសម្រួលដល់ការរស់នៅប្រៀបដូចអាណាព្យាបាល សម្រាប់ ជួយពួកគេ ប្រាស្រ័យទាក់ទងរឿងការសិក្សា ការដើរទិញទំនិញនៅខាងក្រៅសាកលវិទ្យា ល័យ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ RAJAMANGALA UniversityY of Technology Thanyaburi មានមហាវិទ្យាល័យចំនួន១០និង College ដែលមាននិស្សិតខ្មែរ បានសិក្សា បញ្ចប់ពីរជំនាន់រួចមកហើយ និង៤ជំនាន់ផ្សេងទៀតកំពុងសិក្សា ដែលមានចំនួន៣៨នាក់ហើយសរុបនិស្សិតទាំង៦ជំនាន់មានចំនួន៥៨នាក់៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា