ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិទ្យុជាតិថៃគ្រោងផ្សាយកម្មវិធីភាសាខ្មែរឡើងវិញបន្ទាប់ពីផ្អាកមួយរយះ

វិទ្យុជាតិកម្ពុជា៖អត្ថបទលោកហុកសុខរិន

ប្រទេសថៃ៖វិទ្យុជាតិថៃគ្រោងផ្សាយកម្មវិធីភាសាខ្មែរឡើងវិញ ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាជនកម្ពុជាដែលកំពុងស្នាក់នៅនិងបំរើការងារនៅក្នុងប្រទេសថៃកាន់តែច្រើនឡើង។

ក្នុងជំនួបរវាងគណះប្រតិភូវិទ្យុជាតិកម្ពុជា និងវិទ្យុជាតិថៃ នៅឯប្រទេសថៃ លោកស្រីសូមន្តផាន កូសុនសិរីសិទ្ធ ប្រធានផលិតកម្មវិធីនៃវិទ្យុជាតិថៃ បានអោយដឹងថា វិទ្យុជាតិថៃនឹងខិតខំស្នើកញ្ចប់ថវិការពីរាជរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបើកដំណើរការផ្សាយកម្មវិធីភាសាខ្មែរឡើងវិញបន្ទាប់ពីបានបិទមួយរយះ។ លោកស្រីបញ្ជាក់ថា គម្រោងបង្កើតកម្មវិធីផ្សាយភាសាខ្មែរឡើងវិញនៅក្នុងវិទ្យុជាតិថៃនេះ បានធ្វើឡើងក្រោយពេលចំនួនប្រជាជនកម្ពុជាបាននឹងកំពុងស្នាក់នៅនិងបំរើការនៅក្នុងប្រទេសថៃកាន់តែមានការកើនឡើងពោលគឺរហូតដល់ជាង១លាននាក់។ លោកស្រីបន្ថែមថា កម្មវិធីនេះអាចធ្វើឡើងក្នុងរយះពេល១៥នាទី ដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាច្បាប់ថ្មីៗរបស់អាជ្ញាធរថៃនឹងព័ត៌មានផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់មន្រ្តីកាទូត អ្នកទេសចរ អ្នកជំនួញ និងពលករកម្ពុជាបានដឹងជ្រួតជ្រាប។ហើយទាំងនេះគឺជាកក្តាចម្បងដែលធានាបានសុវត្ថិភាព និងភាពស្របច្បាប់។
សូមបញ្ជាក់ថា កាលពីកន្លងទៅនេះវិទ្យុជាតិថៃមានផ្សាយភាសាបរទេសចំនួន១២ភាសាក្នុងមួយថ្ងៃ ប៉ុន្តែមកដល់ពេលនេះដោយសារកង្វះថវិការត្រូវបានកាត់បន្ថយនៅសល់ត្រឹមតែ៦ភាសាប៉ុណ្ណោះក្នុងមួយថ្ងៃ។ ទោះជាបែបនេះក្តី មន្ត្រីវិទ្យុជាតិថៃបានសន្យានឹងខិតខំបើកកម្មវិធីភាសាខ្មែរឡើងវិញតាមរយះស្នើកញ្ចប់ថវិការជាតិនាខែតុលាខាមុខនេះ។