ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិទ្យុជាតិកម្ពុជាពង្រឹងកិច្ចសហការផ្លាស់ប្តូរបទពិសោធន៍ជាមួយវិទ្យុជាតិថៃ

វិទ្យុជាតិកម្ពុជា៖អត្ថបទលោកហុកសុខរិន

ប្រទេសថៃ៖ដើម្បីបង្កើនការរឹតចំណងមិត្តភាពនិងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាង វិទ្យុជាតិកម្ពុជានិង វិទ្យុជាតិថៃអោយកាន់តែស្អិតល្មួតទ្វេរដងបន្ថែមទៀតនោះ វិទ្យុជាតិថៃបាន អញ្ចើញមន្រ្តីជំនាញវិទ្យុជាតិកម្ពុជាតិចំនួន៤រូបទៅបំពេញទស្សនៈកិច្ចនៅប្រទេស ថៃរយពេល ៥ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែសីហា។

លោកហុក សុខរិន ដែលចូលរួមក្នុងដំណើរទស្សនៈកិច្ចនេះ បានធ្វើសេចក្តីរាយការណ៍ពីប្រទេសថៃអោយដឹងថាក្រុមគណៈប្រតិភូវិទ្យុជាតិកម្ពុជាចំនួន៤រូបដែលដឹកនាំដោយលោកចាន់ ភារ៉ា ប្រធាននាយកដ្ឋានផ្សាយទៅ អន្តរជាតិនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានទៅដល់ព្រះរាជាណាចក្រថៃហើយទទួលបានការរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅពីលោកស្រីសូមន្តផាន កូសុនសិរីសិទ្ធ ប្រធានផលិតកម្មវិធីនៃវិទ្យុជាតិថៃ និងមន្រ្តីរាជការជាច្រើននៅក្នុងវិទ្យុជាតិថៃ។
នៅក្នុងដំណើរទស្សនៈកិច្ចនោះក្រុមគណៈប្រតិភូវិទ្យុជាតិកម្ពុជាបានសិក្សាស្វែងយល់ពីប្រព័ន្ធបច្ចេកទេស ផ្សព្វផ្សាយរបស់វិទ្យុជាតិថៃ កម្មវិធីព័ត៌មាន កម្មវិធីសិល្បៈកម្សាន្ត និង កម្មវិធីផ្សេងៗទៀតរបស់វិទ្យុជាតិថៃ ដើម្បីដកស្រងបទពិសោធន៍ ល្អក្នុងការយកមកអនុវត្តដែល បំរើដល់ការស្តាប់របស់ប្រិយ

មិត្តវិទ្យុជាតិកម្ពុជា។
លោកស្រីសូមន្តផាន កូសុនសិរីសិទ្ធ ប្រធានផលិតកម្មវិធីនៃកវិទ្យុជាតិថៃបានមានប្រសាសន៍អោយដឹងថា ការរៀបចំដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូវិទ្យុជាតិកម្ពុជានាពេលនេះ បានធ្វើឡើង ក្រោមកិច្ចសហការនិងទំនាក់ទំនងដល់ល្អរវាងវិទ្យុជាតិកម្ពុជា និងវិទ្យុជាតិថៃ ក៏ដូចជាប្រទេស កម្ពុជា និងប្រទេសថៃ ដែលមានភូមិផងរបងជាមួយគ្នា។
លោកស្រីបញ្ជាក់ថា ក្រុមគណៈប្រតិភូវិទ្យុជាតិកម្ពុជា នឹងបន្តដំណើរទៅសិក្សាស្វែងយលល់ និងការចុះយកព័ត៌មាននៅបណ្តាខេត្តមួយចំនួននៅក្នុងប្រទេស ដូចជា ការផលិតស្រូវអង្ករ នៅខេត្តសុផាន់បូរី វិស័យទេសចរណ៍ បរិស្ថាន ជលផលសមុទ្រ នៅខេត្តពេចចាន់បូរី វិស័យម្ហូបអាហារនៅខេត្តនគរបាធំ និងវិស័យដឹកជញ្ជូនតាមផ្លូវដែក នៅស្ថាននីយបាងស៊ូ នៃទីក្រុង បាងកកប្រទេសថៃ។
លោកចាន់ ភារ៉ាបានមានប្រសាសន៍ថា ក្រុមគណៈ
ប្រតិភូវិទ្យុជាតិកម្ពុជាដែលមកពីកម្មវិធីផលិតព័ត៌មាន បទយកការណ៌ កម្មវិធីសន្ទនាមតិ នឹងខិតខំផ្តិតយកព័ត៌មានសំខាន់ៗ ដើម្បីយកមកផ្សព្វផ្សាយជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា វិទ្យុជាតិកម្ពុជានិងវិទ្យុជាតិថៃបានភ្ជាប់ទំនាក់ទំនងនៃកិច្ចសហការជាមួយគ្នាជាយូរមកហើយ ដោយមានការផ្លាស់ប្តូរដំណើរទស្សនះកិច្ចរបស់មន្រ្តីទៅវិញទៅមក ក្នុងគោលដៅចែករំលែកបទពិសោធន៍គ្នាជាប្រយោជន៍នៃប្រជាជនទាំងសងខាងដែលមានភូមិផងរបងជាមួយគ្នា។